(ប៊ុយនុសអ៊ែរ)៖ បន្ទាប់ពីបានលើកពាន World Cup ជាលើកដំបូងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននាខែធ្នូឆ្នាំមុន កីឡាករ Lionel Messi បានលើកឡើងថា ការប្រកួតក្នុងព្រឹត្តិការណ៍នេះ អាចជាលើកចុងក្រោយសម្រាប់លោក ប៉ុន្តែឥឡូវនេះវាហាក់បីដូចជាលោកបានបើកចំហចំពោះលទ្ធភាព ក្នុងការលេងនៅព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ នាឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។

«ដោយសារតែអាយុ វានឹងក្លាយជាផលវិបាកក្នុងការបង្ហាញខ្លួនលេងនាឆ្នាំ២០២៦» នេះបើតាមសម្តី Messi វ័យ ៣៥ឆ្នាំបានប្រាប់សារព័ត៌មានកីឡាអាហ្សង់ទីន Diario Ole។

«ខ្ញុំចូលចិត្តលេងបាល់ទាត់ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំមានទម្រង់លេងល្អ ហើយរីករាយជាមួយអ្វីទាំងនេះ។ ខ្ញុំនឹងបន្តរក្សាការលេង។ វាទំនងជារយៈពេលយូរ អាចរហូតដល់ការប្រកួត World Cup បន្ទាប់ ប៉ុន្តែវាអាស្រ័យលើថាតើអាជីពរបស់ខ្ញុំទៅជាយ៉ាងណាដែរ»

គ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni ចង់ឃើញតារាបាល់ទាត់ដែលជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករតែ ៦នាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួន ៥លើក លេងក្នុងព្រឹត្តិការណ៍ World Cup រូបនេះ លេងក្នុងព្រឹត្តិការណ៍ World Cup នាពេលខាងមុខ ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

បន្ទាប់ពីបានស៊ុតបញ្ចូលទី ៧គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០២២ Messi អាចក្លាយជាកីឡាកររកបានគ្រាប់បាល់នាំមុខគេនៅគ្រប់ការប្រកួតទាំងអស់ នៅ World Cup ប្រសិនបើលោកអាចលេងក្នុងឆ្នាំ២០២៦។ លោកបានស៊ុតបញ្ចូលទី ១៣គ្រាប់ នៅខ្វះ ៣គ្រាប់នៅពីក្រោយកីឡាករកាន់កំណត់ត្រា Miroslav Klose របស់អាល្លឺម៉ង់៕