(បរទេស)៖ បន្ទាប់ពីការពន្យារពេលតាំងពីឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅពេលនេះមានការប្រកាសថា កម្មវិធីប្រឡងបវរកញ្ញាពិភពលោកឆ្នាំនេះ នឹងត្រូវធ្វើឡើង ខណៈអ្នកឈ្នះមកុដត្រូវបានគេអះអាងថា នឹងទទួលបានប្រាក់រង្វាន់រហូតដល់១លានដុល្លារ។

បើតាមអ្នករៀបចំកម្មវិធី «Miss World» បានឲ្យដឹងថា ខ្លួននឹងរៀបចំកម្មវិធីប្រឡងបវរកញ្ញាពិភពលោកលើកទី៧១នេះ នៅខែឧសភា ឆ្នាំ២០២៣ខាងមុខ។ តែយ៉ាងណា ជុំវិញដំណឹងនេះ ក៏មាន​ពាក្យ​ចចាមអារ៉ាម​ថា អ្នក​ឈ្នះ​ ឬអ្នកគ្រងមកុដ​នឹង​ទទួល​បាន​ប្រាក់​សុទ្ធ១លាន​ដុល្លារ ដែលនឹងគឺខុសពីការអនុវត្តរាល់ឆ្នាំ ត្បិតកន្លងទៅអ្នកឈ្នះនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ប្រៀបដូចប្រាក់ខែរហូតដល់ចប់រដូវកាល​មិនថាយូរឬឆាប់នោះឡើយ។ 

ក្រៅពីរង្វាន់សាច់ប្រាក់នេះ ក៏មានពាក្យចចាមអារ៉ាមទៀតថា អ្នកឈ្នះនឹងចុះហត្ថលេខាលើកិច្ចសន្យាការងារជាមួយហូលីវូដ ដែលជាផ្នែកនៃកញ្ចប់រង្វាន់របស់ម្ចាស់មកុដផងដែរ។ នាងក៏នឹងរីករាយនឹងដំណើរទេសចរណ៍ពិភពលោក សម្រាប់កម្មវិធីសប្បុរសធម៌ និងព្រឹត្តិការណ៍នានា ព្រមទាំងទទួលបានម៉ាកយីហោប្រណីតៗ ទទួលរូបនាងធ្វើជាទូតសុច្ឆន្ទៈផងដែរ។ ជាងនេះទៅទៀត នាងនឹងទទួលបានផ្ទះប្រណិតមួយក្នុងទីក្រុងឡុងដ៍។ 

ស្របពេលដែល «Miss Universe»  ដែលជាកម្មវិធីប្រកួតបវរកញ្ញាមួយនោះ ​មាន​ម្ចាស់​ថ្មី ងាកមកកម្មវិធី «Miss World» ដែលជាកម្មវិធីស្រដៀងគ្នានេះ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ នឹងមាន​សហ​ម្ចាស់​ថ្មី​ដែរ។ អ្នកជំនួញជនជាតិអង់គ្លេស Dipendra Gulung ដែលជាម្ចាស់ក្រុមហ៊ុនយន្តហោះ Himalayan និងរោងកុនប្រណិត Privé ទូទាំងពិភពលោក គឺជាសហកម្មសិទ្ធនៃកម្មវិធីនេះ។ តែយ៉ាងណា ទាំងនេះគ្រាន់ជាពាក្យចចាមអារាមប៉ុណ្ណោះ ហើយប្រសិនបើដំណឹងនេះជាការពិតមែននោះ អង្គភាពមួយនេះ នឹងប្រកាសជាផ្លុវការក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕