(ត្បូងឃ្មុំ)៖ ការប្រកួតកីឡាបាលទាត់ទទួលពាន់រង្វាន់លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឈានដល់ការបិទបញ្ចប់ដោយជោគជ័យ ពង្រឹងសាមគ្គីភាព មិត្តភាព បង្កលក្ខណៈសប្បាយរីរាយនៅក្នុងឃុំ ពិសេសបានជំរុញការចូលរួមយុវជននៅក្នុងការងារសង្គមនានាទៀតផង។

ពិធីបិទការប្រកួត និងប្រគល់រង្វាន់ដល់ក្រុមកីឡាករ បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីលានកីឡាបាល់ទាត់ក្នុងឃុំពពេលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក កែវ ពិសិដ្ឋ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល។

ក្រុមកីឡាករយុវជនភូមិថ្មី ទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ពានជ័យលាភីមួយ និងរង្វាន់៤លានរៀល ក្រុមកីឡាករភូមិត្រពាំងថ្ម ទទួលបានលេខ២ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៣លានរៀល កីឡាកភូមិស្រះ បានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់២លានរៀល ចំណែកក្រុមកីឡាករទាំង៦ក្រុមទៀត ទទួលរង្វាន់លើកទឹកចិត្ត៥០ម៉ឺនរៀលផងដែរ។ នៅក្នុងនោះក្រុមកីឡាករវ័យចាស់ប្រចាំឃុំពពេល ក៏ទទួលបានប្រាក់រង្វាន់៥០ម៉ឺនរៀលផងដែរ។

លោក កែវ ពិសិដ្ឋ បានថ្លែងការកោតសរសើរដល់ក្រុមការងារ ជាពិសេសគណៈកម្មាធិការគណបក្សឃុំពពេល ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះឡើង ដើម្បីអបអរសាទរខូបលើកទី៤៤ ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនរួចផុតពីការកាប់សម្លាប់នៃរបប ប៉ុល ពត។ លោកបានបញ្ជាក់ថា កីឡានាំមកសុខភាពនិងសាមគ្គី ជាពិសេបានលើកទឹកចិត្តយុវជន ឱ្យចូលរួមលើកកម្ពស់វិស័យកីឡា ដែលកំពុងមានការរីកចម្រើន និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃអនាគត។

លោកបានលើកទឹកចិត្តយុវជនឱ្យមានទម្លាប់លេងកីឡា ដើម្បីថែរក្សាសុខភាព និងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងយុវជនពីភូមិមួយ ទៅភូមិមួយ។ ជាមួយគ្នានេះ លោកបានណែនាំឱ្យយុវជនខិតខំសិក្សារៀន ពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងគ្រឿងស្រវឹងនានា។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាទិភាពដើម្បីជាសសរទ្រូងប្រទេសជាតិទៅថ្ងៃអនាគត។

លោកបានបញ្ជាក់ថា ដោយសារសុខសន្តិភាព យុវជននៅក្នុងសម័យនេះមានឱកាសសិក្សារៀនសូត្រគ្រប់ៗគ្នា។ ប្រទេសជាតិមានការអភិវឌ្ឍ សាលារៀននិងផ្លូវធ្វើដំណើរមានគ្រប់កន្លែង មិនលំបាកនៅក្នុងការធ្វើដំណើរទៅសិក្សានោះទេ។

ជាងនេះទៅទៀត ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំពពេល លោកសន្យាថានឹងខិតខំស្វែងរកអាហារូបករណ៍ ផ្តល់ជូនយុវជននៅក្នុងឃុំបានសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្តទៀត។ លោក កែវ ពិសិដ្ឋ បានសន្យាថានឹងរៀបចំឱ្យព្រឹត្តិការណ៍ប្រកួតបាលទាត់នេះ នៅឆ្នាំក្រោយៗទៀត។

សូមជម្រាបថាការបើកការប្រកួតកីឡាបាល់ទាត់យុវជន ដណ្តើមពានរង្វាន់លោក កែវ ពិសិដ្ឋ បានចាប់ផ្តើមប្រកួតតាំងពីទី១៤ ខែមករា ឆ្នាំ២០២៣ ដោយរៀបចំការប្រកួតនៅរៀងរាល់ចុងសប្តាហ៍។ នៅពេលប្រកួតម្តងៗមានពលរដ្ឋចូលរួមទស្សនានិងលើកទឹកចិត្ត និងកម្សាន្តសប្បាយយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះ មានកីឡាករយុវជនចំនួន៩ក្រុម មកពីភូមិនានា នៅក្នុងឃុំពពេលហើយការចំណាយសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡានេះ បានចំណាយអស់ទឹកប្រាក់ប្រមាណ១៥,០០០ដុល្លារ៕