(ភ្នំពេញ)៖ ជើងខ្លាំងគុនខ្មែរ ព្រំ សំណាង បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀតហើយ បន្ទាប់ពីរូបគេផ្ដួលកីឡាករជើងខ្លាំងអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១ លើសង្វៀន Thai Fight ប្រទេសថៃ នៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

សម្រាប់ការប្រកួតប្រភេទទម្ងន់ ៧៨គីឡូក្រាមនេះ កីឡាករប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជា ព្រំ សំណាង មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ក្រោយអាជ្ញាកណ្ដាលបញ្ជាការប្រកួត រូបគេបានសម្រាកវាយលើគូប្រកួត ដោយមិនញញើឡើយ ពិសេសការប្រើជើងតែម្ដង។

បន្ទាប់ពីការព្យាយាមវាយសន្ធប់លើគូប្រកួត បានធ្វើឲ្យជំនួបដ៏ទាក់ទាញនេះ ពុំចប់ទឹកទី១ ឡើយ ក្រោយម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ព្រំ សំណាង ឡើងជង្គង់ឆ្វេងចំពោះ(ចុងដង្ហើម) បណ្ដាឲ្យកីឡាករ Thomas Carpenter ដួល និងត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង ដោយប្រើពេលត្រឹមតែ ២នាទីប៉ុណ្ណោះ។

នេះគឺជាជោគជ័យថ្មីមួយទៀតរបស់អ្នកលេងគុនខ្មែរ បន្ទាប់ពីកីឡាករ ធឿន ធារ៉ា ដែលដណ្ដើមបានខ្សែក្រវាត់លើសង្វៀន Thai Fight នេះ ដោយបានផ្ដួលកីឡាករលំដាប់កំពូលថៃ Saiyok Pumphanmuang ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី១ ដូចគ្នា កាលពីចុងឆ្នាំ២០២២ កន្លងទៅ។

សម្រាប់កីឡាករអង់គ្លេស Thomas Carpenter ដែលទើបបរាជ័យក្រោមថ្វីដៃ ព្រំ សំណាង ខាងលើ ក៏មានប្រវត្តិមិនធម្មតាដែរ ដ្បិតកីឡាករមានអាយុប្អូនកីឡាករកម្ពុជា ១០ឆ្នាំរូបនេះ ធ្លាប់ដណ្ដើមបានខ្សែក្រវាត់ធំៗមួយចំនួន នៅប្រទេសថៃ ដូចជាខ្សែក្រវាត់អន្ដរជាតិ IBF និង MAX Muay Thai ជាដើម៕