(បរទេស)៖ ស្ថាប័នវិភាគ និងស្រាវជ្រាវទិន្នន័យ IDC បានបង្ហាញឱ្យដឹងថា ការលក់ឧបករណ៍ថេប្លេតនៅក្នុងឆ្នាំ២០២២ ទទួល​បានលទ្ធផលមិនល្អនោះទេ បើទោះបីជាកាលពីឆ្នាំ២០២១ មានសន្ទុះនៃការលក់ខ្លាំងក្លាក្ដី។ នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍បានបង្ហាញថា ការលក់ថេប្លេតពេញមួយឆ្នាំ២០២២ បានធ្លាក់ចុះប្រមាណ ៣,៣ភាគរយ បើធៀបទៅនឹង​ឆ្នាំ​២០២១ ខណ:ដែលកាលពីឆ្នាំ២០២១ លក់កើនឡើងរហូតដល់ ១៨០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០។ របាយការណ៍មួយ​នេះ​ក៏បានបង្ហាញផងដែរថា នៅត្រីមាសទី៤ ឆ្នាំ២០២២ ការលក់ថេប្លេតបានកើនឡើងបន្តិចវិញ ដែលវាជាសញ្ញាមួយបង្ហាញថា នៅក្នុងឆ្នាំ២០២៣ អាចនឹងទទួលបានលទ្ធផលល្អប្រសើរ។

Apple និង Samsung គឺជាក្រុមហ៊ុនដែលលក់ថេប្លេតនាំមុខគេ ហើយក៏ជាក្រុមហ៊ុនដែលជំរុញទីផ្សារថេប្លេតឱ្យមាន​កំណើន​ឡើង​វិញផងដែរ។ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ Apple បានក្ដោបក្ដាប់ទីផ្សារថេប្លេតបានរហូតដល់ជាង ៤៩ភាគរយ និងពេញ​មួយឆ្នាំ ២០២២ មានចំណែកទីផ្សាររហូតដល់ ៣៨ភាគរយ ខណ:ដែល Samsung មានត្រឹមតែ ១៦,៨ភាគរយ និង១៨,៦ភាគរយ។

សម្រាប់ឆ្នាំ២០២២ ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុន OEM តែមួយគត់ ដែលមានកំណើនតិចតួចបំផុតត្រឹម ៧ភាគរយ ប៉ុន្តែសម្រាប់ត្រីមាសទី៤ វិញ ក្រុមហ៊ុនបានមើលឃើញពីកំណើនដ៏គួរឱ្យចាប់អារម្មណ៍ ដែលមានរហូតដល់ ២៨,៨ភាគរយ។

ចំពោះក្រុមហ៊ុនផលិតថេប្លេតចិនវិញ Oppo និង Xiaomi បានក្លាយជាក្រុមហ៊ុនមួយដែលមានភាពលេចធ្លោរនៅក្នុងទីផ្សារថេប្លេត​តម្លៃមធ្យម និងទទួលបានប្រាក់ចំណេញក្នុងរយ:ពេលវែង៕