(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានត្រឡប់មកដល់មាតុភូមិវិញហើយនាថ្ងៃទី០៦ ខែកុម្ភៈ បន្ទាប់ពីផ្ដួលកីឡាករអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១ លើសង្វៀន Thai Fight ប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយទទួលបានការស្វាគមន៍ពីមិត្តរួមជាតិ និងអ្នកគាំទ្រដ៏កក់ក្ដៅ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ក្រោយចុះពីលើយន្ដហោះ សំណាង បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលខ្លួនបាននាំមកជាមួយនូវជោគជ័យជូនជាតិ និងអ្នកគាំទ្រគុនខ្មែរទាំងអស់ ស្របពេលស្ថានភាពកំពុងក្ដៅ រវាងអ្នកគាំទ្រគុនខ្មែរ និងអ្នកគាំទ្រ Muay Thai នាពេលបច្ចុប្បន្ន។ កីឡាករជម្រើសជាតិកម្ពុជារូបនេះបានបន្ដថា ដោយសាររឿងនេះបានធ្វើឲ្យកាន់តែភ័យ និងបារម្ភ មុនការប្រកួត ប៉ុន្ដែគេបានតាំងចិត្ត ត្រូវយកឈ្នះឲ្យបាន មិនអាចចាញ់ឡើយ ដើម្បីមុខមាត់គុនខ្មែរ។

កីឡាករវ័យ ៣៨ឆ្នាំរូបនេះបញ្ជាក់ថា «មុនពេល និងកំឡុងពេលត្រៀមការប្រកួត ខ្ញុំបានទទួលសារច្រើន ទាំងអ្នកទស្សនាផ្ទាល់ និងលើទូរសព្ទដៃជាដើម អ្នកខ្លះថា សំណាង អើយ មួយប្រកួតនេះ មិនអាចចាញ់បានទេ។ អ្នកខ្លះថា អូនឯងត្រូវប្រឹង ព្រោះជាមុខមាត់ជាតិ មិនមែនវៃតាមប៉ុស្ដិ៍ទេ។ អ្នកខ្លះថា មុខមាត់គុនខ្មែរ។ មានអ្នកខល មានអ្នកឆាត និយាយទៅ ធ្វើឲ្យខ្ញុំកាន់តែភ័យ កាន់តែបារម្ភ តែធ្វើឲ្យខ្ញុំកាន់តែស្រេកឃ្លានជ័យជម្នះកាន់តែខ្លាំង»

លុះឈានដល់ការប្រកួត អ្នកលេងគុនខ្មែរដដែលបានតាំងចិត្តយ៉ាងមុតមាំ ប្រសិនបើមានឱកាសផ្ដាច់បាន (ផ្ដួលគូប្រកួត) រូបគេនឹងផ្ដាច់ មិនឲ្យខកខានឱកាសមាសឡើយ ព្រោះឱកាសនេះ អាចឆក់យកបានមួយភ្លេតៗប៉ុណ្ណោះ។ ជាការពិតដល់ពេលប្រកួត ដោយសារការតាំងចិត្ត គួបផ្សំការផ្ដល់កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំ និងអ្នកគាំទ្រគុនខ្មែរ ស្របពេលគូប្រកួតហាក់មើលស្រាលខ្លួនផង សំណាង ក៏ព្យាយាមវាយធ្ងន់ៗធ្វើឲ្យ Thomas បាក់ស្មារតី និងឆក់ឱកាសផ្ដួលកីឡាករអង់គ្លេសរូបនេះតែម្ដង ដោយប្រើពេលត្រឹម ២នាទីប៉ុណ្ណោះ។

ព្រំ សំណាង បានសង្កត់ធ្ងន់ថា «ជោគជ័យនេះ ពិតជាពិសេសខ្លាំងណាស់ ចំពេលយើងកំពុងមានរឿងក្ដៅ រវាង គុនខ្មែរ និង Muay Thai។ ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន សប្បាយចិត្តត្រង់ថា យើងកំពុងមានរឿងក្ដៅនេះ ពេលយើងទទួលបានជោគជ័យទៀត គឺរកអ្វីប្រៀបពុំបាន។ ប៉ុន្ដែបើសិនជាយើងចាញ់ ឧទាហរណ៍ចាញ់ក្នុងការប្រកួតផ្សេង ក្រៅពីពេលហ្នឹង អត់អីទេ តែបើយើងចាញ់ក្នុងពេលកំពុងមានរឿងក្ដៅគគុកហ្នឹង គឺយើងបាក់មុខខ្លាំង»

យ៉ាងណាក្ដីជ័យជម្នះរបស់អ្នកលេងគុនខ្មែរខាងលើ ក៏ទទួលបានការសាទរពីអ្នកទស្សនាផ្ទាល់ ទាំងពលរដ្ឋខ្មែរ និងពលរដ្ឋថៃផងដែរ ដែលធ្វើឲ្យ សំណាង មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ដែរថា «ខ្ញុំឆ្ងល់! គេកំពុងក្ដៅគគុក ប៉ុន្ដែមានពលរដ្ឋថៃខ្លះ គាត់ស្រឡាញ់ គាំទ្រ គាត់សុំថត ជាមួយយើងជាកីឡាករគុនខ្មែរ។ អ៊ីចឹងអាចអ្នកខ្លះ មិនសូវសង្កត់ដោយសារពាក្យយល់ច្រឡំគ្នា។ អ្នកខ្លះក៏មានអារម្មណ៍ស្រឡាញ់សង្កត់ខ្លាំងពេក ក៏អាចជះជាកំហឹង។ អ្នកខ្លះក៏គេយល់ដឹង សំខាន់គឺគេបែងចែកដាច់ រវាងកីឡាករគុនខ្មែរ និង Muay Thai»

លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានបញ្ជាក់ដែរថា ក្រោយពេលដឹកនាំកីឡាករ ព្រំ សំណាង ចូលរួមការប្រកួត Thai Fight ស្ថានភាពពិត ហាក់ផ្ទុយពីកម្ដៅលើបណ្ដាញសង្គម ដែលអ្នកគាំទ្រទាំងពីរបានជះកំហឹងដាក់គ្នា ដ្បិតទាំងពលរដ្ឋខ្មែរ និងពលរដ្ឋថៃ សុទ្ធតែបានបង្ហាញការគោរពស្រឡាញ់ និងគាំទ្រកីឡាករគុនខ្មែរដូចគ្នា សូម្បីអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ក៏បានគាំទ្រកីឡាករ និង គុនខ្មែរដែរ។

លោកបន្ដថា «និយាយការពិត ប្រជាជនថៃ គាត់ស្រឡាញ់ និងគាំទ្រកីឡាករគុនខ្មែរ។ ពួកគាត់ហ៊ោ រាំ និងអបអរសាទរពេញហ្នឹង (ពេល ព្រំ សំណាង ឈ្នះ Thomas)។ ចង់ថា ខ្មែរផង ថៃផង តែបើប្រទេសផ្សេង ដូចអត់សូវហ៊ោទេ តែដល់កីឡាករខ្មែរប្រកួត ពិសេសពេលឈ្នះកីឡាករអង់គ្លេស និយាយពីហ៊ោផ្អើលតែម្ដង។ ដល់អ៊ីចឹងបានខ្ញុំចម្លែក ខ្ញុំឆ្ងល់ ឃើញក្នុងបណ្ដាញសង្គម ដូចជាផ្ទុយគ្នាស្រឡះ។ គ្រាន់តែ ព្រំ សំណាង ដើរកាត់ ប្រជាជនថៃគេមកឱប សុំថត អបអរសាទរ ដល់ពេលយើងមើលក្នុងបណ្ដាញសង្គម ទៅជាផ្សេងវិញ»

គួរដឹងថា ព្រំ សំណាង គឺជាបេក្ខភាពមួយរូប ត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បន្ទាប់ពីរូបគេ ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាមកាលពីខែឧសភា ឆ្នាំ២០២២។ ក្រោយត្រឡប់ពីវៀតណាម សំណាង បានពង្រឹងសមត្ថភាពខ្លួនកាន់តែខ្លាំង ជាក់ស្ដែង ១០ប្រកួតចុងក្រោយ គេមិនទាន់ស្គាល់ស្មើ ឬចាញ់ម្ដងឡើយ ក្នុងនោះមាន ៩ប្រកួត បានផ្ដួលគូប្រកួតឲ្យសន្លប់ និងឈ្នះពិន្ទុម្ដង។ ជោគជ័យនេះបានធ្វើឲ្យរូបគេ មានទំនុកចិត្តខ្ពស់ ដើម្បីប្រជែងមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងនាខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕