(ឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Leeds United បានដកតំណែងលោក Jesse Marsch ជាអ្នកចាត់ការទូទៅហើយ បន្ទាប់ពីលទ្ធផលខកចិត្តកាលពីរាត្រីថ្ងៃអាទិត្យ ដោយបានចាញ់ ១-០ ក្នុងលីគក្រោមថ្វីជើងក្រុម Nottingham Forest នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្មីៗនេះដែរ Leeds បានទាក់ទងអ្នកចាត់ការ ១០រូបដែលកំពុងទំនេរពីការងារក្នុងការមកកាន់តំណែងនេះបន្តមានដូចជាលោក Rafael Benitez, Marcelo Bielsa, Carlos Corberan, Steven Gerrard, Ralph Hasenhuttl, Kjetil Knutsen, Mauricio Pochettino, Ange Postecoglou, Nuno Espirito Santo និងលោក Thomas Tuchel ជាដើម។

ក្លិបដែលមានមូលដ្ឋាននៅ West Yorkshire របស់អង់គ្លេសនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាង Premier League ហើយកំពុងស្ថិតនៅខាងក្រៅតំបន់កាត់ចេញ ដោយសារតែគ្រាប់បាល់ចំណេញប៉ុណ្ណោះ (goal difference)។

ពួកគេមិនទាន់រកបានជ័យជម្នះនៅឡើយទេ ក្នុងចំណោម ៧ប្រកួតចុងក្រោយក្នុងលីគ គិតចាប់តាំងពីបានយកឈ្នះលើគូប្រជែង AFC Bournemouth កាលពីថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំមុន នៅពេលលោក Marsch វ័យ ៤៩ឆ្នាំ បានកាន់តួនាទីនេះតិចជាង ១២ខែនៅក្លិបដែលជាម្ចាស់កីឡដ្ឋាន Elland Road បន្ទាប់ពីត្រូវបានតែងតាំងស្នងតំណែងពីលោក Marcelo Bielsa កាលពីចុងខែកុម្ភៈ ឆ្នាំ២០២២ មក។

សូមជម្រាបថា Leeds នឹងត្រូវប៉ះក្រុម Manchester United ចំនួន ២លើកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយការប្រកួតលើកដំបូង គឺជាការធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford នៅថ្ងៃយប់ពុធ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមបិសាចក្រហមនៅថ្ងៃអាទិត្យ៕