(មែនឆេស្ទើ)៖ របាយការណ៍មួយបានបង្ហាញថា ក្លិបបិសាចក្រហម Manchester United ត្រៀមខិតខំយ៉ាងស្វាហាប់នៃការរៀបចំសំណើ ដើម្បីដេញថ្លៃដោយអាចបំបែកកំណត់ត្រាតម្លៃ ១០៧លានផោនរបស់ Chelsea ដែលចំណាយលើ Enzo Fernandez ចំពោះកីឡាករ Victor Osimhen ដែលកំពុងឡើងជើងនៅលីគ Serie A។

ប្រភពពី Dailymail បានឲ្យដឹងថា ខ្សែប្រយុទ្ធ Victor Osimhen របស់ក្លិបពពកស Napoli បានក្លាយគោលដៅត្រូវបាន Man United ចាប់អារម្មណ៍ក្នុងទីផ្សារដោះដូរនារដូវក្តៅ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងយ៉ាងល្អមួយដោយកំពុងស៊ុតបាន ១៦គ្រាប់ច្រើនជាងគេបណ្តោះអាសន្នក្នុងលីគរដូវកាលនេះ។

បច្ចុប្បន្នក្លិបដឹកនាំដោយលោក Erik ten Hag កំពុងស្វែងរកជម្រើសខ្សែប្រយុទ្ធថ្មីមកកាន់ក្លិបបិសាចក្រហមក្នុងរដូវក្តៅនេះ ខណៈរបាយការណ៍ពី La Gazzetta dello Sport បានយល់ឃើញថា Napoli ជឿជាក់ថា ក្លិបលេងនៅ Premier League និងផ្គូផ្គងតម្លៃស្នើប្រមាណ ១០៧លានផោនក្នុងលកក្ខខណ្ឌកិច្ចសន្យាចំពោះកីឡាករវ័យ ២៤ឆ្នាំរូបនេះ៕