(បរទេស)៖ នៅមុននេះបន្តិចទទួលបានរបាយការណ៍ថា សេវាកម្ម Cloud របស់ក្រុមហ៊ុន Microsoft រួមមាន Microsoft Outlook, Calendar និង Microsoft Team បានជួបបញ្ហាគាំងមិនដំណើរការ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកក្នុងចំនួនដ៏ច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមគេហទំព័រ Downdetector បានឱ្យដឹងថា បញ្ហាគាំងមិនដំណើរការនៅព្រឹកថ្ងៃអង្គារ សប្តាហ៍នេះ បានប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើននាក់ ជាមួយនឹងបញ្ហាគាំងចូលប្រើប្រាស់អ៊ីម៉ែលមិនកើតដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មជាច្រើននៅសហរដ្ឋអាមេរិក។

ជុំវិញករណីនេះ ក្រុមហ៊ុន Microsoft បានឆ្លើយតបទៅនឹងសារបង្ហោះពីអ្នកប្រើប្រាស់ជាច្រើនតាមរយៈ Twitter ថា «ខ្លួនកំពុងស៊ើបអង្កេត» ចាប់តាំងពី «ការផ្លាស់ប្តូរទៅលើមុខងារថ្មីៗ» មួយចំនួនមកនេះបាននាំឱ្យមានបញ្ហាកើតឡើងឥតឈប់ ឥឡូវនេះក្រុមហ៊ុនកំពុងតែធ្វើការរៀបចំផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធថ្មីដែលរងផលប៉ះពាល់ ដើម្បីអាចដំណើរការសេវាកម្មឡើងវិញ៕