(អាមេរិក)៖ Harry Styles និង Taylor Swift ត្រូវ​បាន​គេ​សរសើរ​ថា បង្ហាញភាពស្និទ្ធស្នាលនឹងគ្នាក្នុងលក្ខណៈរាប់អានជា​មិត្តភាពដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុង​កម្មវិធី Grammys ឆ្នាំ២០២៣ បើទោះបីជាអតីតគូស្នេហ៍ទាំងពីនេះបានបែកបាក់គ្នាទៅហើយក្តី។ ប្រការនេះ គឺកាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ចំពោះកាយវិការរាប់អានគ្នារបស់អ្នកទាំងពីរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ 

នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ តារាប្រុស Styles វ័យ២៩ឆ្នាំ និង Swift វ័យ ៣៣ ឆ្នាំ ដែលធ្លាប់ជាគូស្នេហ៍នឹងគ្នាអំឡុង ឆ្នាំ២០១២ និង២០១៣ បានជួបជុំគ្នាម្តងទៀតនៅឯកម្មវិធី Grammy Awards ក្នុងទីក្រុង Los Angeles។ ក្នុង​ពិធី​នោះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ថតជាប់អំឡុងពេលកំពុង​និយាយ​គ្នា​នៅ​ក្នុង​ហ្វូង​មនុស្ស ដោយ​មាន​រូប​ថត​បង្ហាញ​ពី Styles និង Swift បង្ហាញកាយវិការស្និទ្ធស្នាលនឹងគ្នា បើនិយាយទៅគឺឱបគ្នា មុនពេលជជែកគ្នាខ្លី និងថែមទាំងដាក់ដៃលើស្នារបស់ Harry ក្នុងន័យបង្ហាញការគាំទ្រផងដែរ។

គួរជម្រាបថា នៅក្នុងកម្មវិធីដ៏មានអត្ថន័យសម្រាប់តារាចម្រៀងល្បីៗលើពិភពលោក «Grammy Awards» នេះ គេបានដឹងថា តារាចម្រៀង Harry បានឈ្នះពានរង្វាន់សម្រាប់អាល់ប៊ុមចម្រៀងល្អបំផុត ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពេញកម្មវិធីទាំងមូល៕