(អាមេរិក)៖ Madame Tussauds ដែលជាសារមន្ទីរដ៏ល្បីនៅទីក្រុងញូវយ៉ក បានបង្ហាញរូបក្រមួនថ្មីមួយរបស់តារាចម្រៀង Rihanna ខណៈការបង្ហាញនេះ គឺមុនការសម្តែងវគ្គពាក់កណ្តាលនៃ Super Bowl របស់នាងនៅថ្ងៃអាទិត្យនេះចូលមកដល់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន en.as នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ជាការពិតរូបក្រមួនថ្មីនេះ ត្រូវបានគេដឹងថាចំណាយពេល៦ខែ ដើម្បីបង្កើតឡើង ដែលរូបនោះទៀតសោត គឺធ្វើឡើងតាមឈុតដែលនាងស្លៀកចូលរួមកម្មវិធី «Met Gala» កាលពីឆ្នាំ២០១៨ ហើយក៏បានបំពាក់ដោយភ្លើង LED ផងដែរ។ ជាពិសេសនោះ គឺរូបក្រមួននេះ ត្រូវបានលម្អដោយក្រចកដាំពេជ្រ ចិញ្ចៀនធំៗ ខ្សែកជើងពេទ្យ រួមទាំងស្នាមសាក់របស់ Rihanna ខណៈអ្នកចូលសារមន្ទីរ គឺនឹងអាចចូលទស្សនារូបក្រមួនថ្មីនេះ ក្នុងបន្ទប់ Glow Gala ដែលពោរពេញទៅដោយរូបក្រមួនរបស់សិល្បករល្បី។
គួរជម្រាបថា តារាចម្រៀង Rihanna គិតត្រឹមដើមឆ្នាំ២០២៣ នាងមានប្រាក់ប្រមាណ ១,៧ពាន់លានដុល្លារ។ នេះបើតាមការទស្សនាវដ្តី Forbes។ តារារូបនេះ ក៏នឹងសម្តែងក្នុងកម្មវិធី Super Bowl ពាក់កណ្តាលម៉ោងថ្ងៃអាទិត្យនេះ ដែលជាការសម្តែងលើកដំបូងរបស់នាងចាប់តាំងពីកម្មវិធី «Grammies» ឆ្នាំ២០១៨៕