(សៀមរាប)៖ ក្រុមថែរក្សាបរិក្ខារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានដំឡើងជួសជុលជណ្តើរឈើនៅខាងលិចប្រាសាទបាភួន និងថែទាំជួសជុលគ្រប់សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពនិងរបៀបរៀបរយល្អជានិច្ច។
ការជួសជុលជណ្តើរឈើនេះ ក្នុងគោលបំណងដើម្បីរក្សាបាននូវសុវត្ថិភាពអ្នកទស្សនា ការពារមិនឱ្យភ្ញៀវទេសចរជាន់លើថ្មនាំឱ្យរអិល ឬធ្លាក់ដោយយថាហេតុណាមួយបង្កគ្រោះថ្នាក់ផ្សេងៗ និងរួមចំណែកការពារផលប៉ះពាល់ដល់ថ្មប្រាសាទជាដើម។
សូមបញ្ជាក់ថា ក្រុមថែរក្សាបរិក្ខារទេសចរណ៍តែងតែយកចិត្តទុកដាក់សម្អាត និងជួសជុលសម្ភារបរិក្ខារប្រើប្រាស់មួយចំនួននៅបរិវេណប្រាសាទបាភួន ដើម្បីកែលម្អសម្ភារទាំងអស់នោះ ឱ្យមានសោភ័ណភាពល្អ រឹងមាំគង់វង្សបានយូរ ក៏ដូចជាដើម្បីថែររក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកទស្សនាប្រាសាទផង៕