(សៀមរាប)៖ ខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្ម ដែលជាច្រកចេញ-ចូលសំខាន់ក្នុងវង់ទស្សនានៃប្រាសាទនេះ ត្រូវបានបើកឱ្យធ្វើចរាចរធម្មតាឡើងវិញ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោយពីអាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌា បានបិតផ្អាកចរាចរជាបណ្តោះអាសន្ននៅដើមខែមករាកន្លងទៅ ដើម្បីរៀបចំទល់ទ្រធ្នឹមផ្នែកខាងកើត ដែលបានរហែកប្រេះចំពាក់កណ្តាលឱ្យមានសុវត្ថិភាពទាំងតួខ្លោងទ្វារ និងភ្ញៀវទេសចរដើរឆ្លងកាត់។
ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដោយសារអាយុកាលសំណង់ និងកត្តាធម្មជាតិផង ធ្វើឱ្យស្រុតគ្រឹះ និងធ្នឹមផ្នែកខាងកើតនៃខ្លោងទ្វារនេះបានរហែកប្រេះដោយសារទម្ងន់សង្កត់ពីខាងលើ។
លោក ចាន់ ឡាយ បានបន្តថា បច្ចេកទេសនៃការងារទល់ទ្រនេះ ក្រុមការងារមិនបានរើថ្មចេញនោះឡើយ ដោយប្រើដាក់ដែកពីខាងក្នុង រៀបចំតធ្នឹម និងដាក់ឱ្យស្មើឡើងវិញនៅទីតាំងដើម។
លោក ចាន់ ឡាយ បានបញ្ជាក់ថា ការងារទល់ទ្របានបញ្ចប់ដោយជោគជ័យ ឥឡូវនេះតួខ្លោងទ្វាររឹងមាំ មានសុវត្ថិភាពឡើងវិញ ភ្ញៀវអាចដើរឆ្លងកាត់ ថតផ្តិតរូបភាព ស្វែងយល់ស្លាកព័ត៌មាន មុននឹងចូលទៅទស្សនាប្រាសាទនៅខាងក្នុង។ បន្ថែមពីលើនេះ ក្រុមការងារក៏នៅតែពិនិត្យតាមដានជាប្រចាំ ជៀសវាងមានហានិភ័យផ្សេងៗកើតឡើងជាយថាហេតុផង៕