(ភ្នំពេញ)៖ ថ្លើម គឺជាសរីរាង្គដ៏មានសារៈសំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដែលទាមទារឲ្យមានយកចិត្តទុកដាក់ថែទាំ ការពារ និងមានការពិនិត្យឲ្យបានទៀងទាត់ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ ដែលអាចវិវឌ្ឍន៍ទៅរកជំងឺថ្លើមធ្ងន់ធ្ងរ ដូចជាជំងឺក្រិនថ្លើម និងជំងឺមហារីកថ្លើមជាដើម។
វេជ្ជបណ្ឌិតឯកទេសវះកាត់ថ្លើមមកពីប្រទេសឥណ្ឌា បានចែករំលែកនូវចំណេះដឹងមួយចំនួន ដែលបង្កឲ្យមានជំងឺថ្លើមធ្ងន់ធ្ងរ និងវិធីការពារ ៤ចំណុច ដែលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាព្រជាពលរដ្ឋទូទាំងពិភពលោក ត្រូវយកចិត្តទុកដាក់ និងចៀសវាងឲ្យផុត ដើម្បីទទួលបាននូវសុខភាពល្អ។
លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត Arvinder S Soin ប្រធានក្រុមនៃវិទ្យាស្ថានវះកាត់ប្ដូរថ្លើម និងឪសថ Medanta នៃប្រទេសឥណ្ឌា បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺក្រិនថ្លើម ឬមហារីកថ្លើម ផ្ដើមមកពីកត្ដា ៤ ទី១-ការសេពគ្រឿងស្រវឹង។ ទី២-អ្នកមានជាតិខ្លាញ់ ឬលើសគីឡូ ដែលប្រើប្រាស់របបអាហារមិនត្រឹមត្រូវ ធ្វើឲ្យលើសជាតិខ្លាញ់ ឬមានជំងឺទឹកនោមផ្អែកជាដើម។ ទី៣-អ្នកមានជំងឺរលាកថ្លើមប្រភេទ B និងទី៤-អ្នកមានជំងឺរលាកថ្លើមប្រភេទ C។
ដូច្នេះដើម្បីបង្ការបញ្ហា ៤ចំណុចខាងលើ លោកបានលើកទឹកចិត្តប្រជាជនទាំងអស់លើពិភពលោក មិនត្រឹមតែប្រជាជនកម្ពុជានោះទេ គួរចៀសវាង ទី១-គ្រឿងស្រវឹង, ទី២-ញាំអាហារមិនមានជាតិខ្លាញ់ មានប្រូតេអ៊ីន ឬអាហារមានសារធាតុចញ្ចឹមបានល្អ និងទី៣-ចាក់វ៉ាក់សាំងរលាកថ្លើមប្រភេទ B ។ រីឯចំណុចទី៤ ជំងឺរលាកប្រភេទ C ដ្បិតទាន់មានវ៉ាក់សាំង តែអាចការពារបាន ស្រដៀងទៅនឹងវិធានការការពារមេរោគអេដស៍ដែរ ដ្បិតមេរោគរលាកថ្លើមប្រភេទ C ក៏អាចឆ្លងតាមរយៈឈាម និងការរួមភេទដូចមេរោគអេដស៍ដែរ។
សូមបញ្ជាក់ថា ការចែករំលែកចំណេះដឹងសុខភាព ពាក់ព័ន្ធជំងឺថ្លើមនេះ បន្ទាប់ពីវេជ្ជបណ្ឌិតឯកទេសឥណ្ឌាខាងលើ បានចូលរួមសិក្ខាសាលា ស្ដីពីការរីកចម្រើននៃការវះកាត់ប្ដូរថ្លើម៖ បទពិសោធន៍នៃការវះកាត់ប្ដូរថ្លើមជាង ៤ពាន់ករណី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកុម្ភៈម្សិលមិញ។ ក្នុងនោះលោកក៏ធ្លាប់បានធ្វើការវះកាត់ប្ដូរថ្លើមជូនប្រជាពលរដ្ឋកម្ពុជាចំនួន ៧៥នាក់ ហើយ ៩៨% ទទួលបានជោគជ័យ ដែលអ្នកជំងឺមានសុខភាពល្អ បន្ទាប់ពីការព្យាបាលរួចផងដែរ៕