(សៀមរាប)៖ ពុទ្ធបាទខាងស្តាំដែលមានទម្ងន់ប្រមាណ៣តោន កំពុងតាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប សម្រាប់សាធារណជនទស្សនា សិក្សាស្វែងយល់ និងគោរពបូជា ខណៈមន្ត្រីបានបញ្ជាក់ថា ការកសាងព្រះពុទ្ធបាទនេះគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពីជាង៦០០-៧០០ឆ្នាំមុននៅក្នុងតំបន់អង្គរ។
ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរដំណែលសល់ក្រោយពីសម័យអង្គរនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន។
ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦មកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះមានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង២.១០ម៉ែត្រ ទទឹង១.១៥ម៉ែត្រ និងមានកម្ពស់៣១សង់ទីម៉ែត្រ។ ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរចាត់ទុកជាវត្ថុសក្តារគោរពបូជាយ៉ាងសំខាន់ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅក្នុងរួតព្រះពាន់នាអំឡុងសតវត្សទី១៤ រហូតដល់ឆ្នាំ១៩៨៥។ លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ ហើយក្រោយមកលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទៅទស្សនានៅអភិរក្សអង្គរឃើញថា ពុទ្ធបាទនេះបានជួសជុលរួចរាល់ហើយ ទើបលោកស្រីរដ្ឋមន្ត្រីណែនាំឱ្យក្រុមអភិរក្សយកវត្ថុនេះទៅដាក់តាំងបង្ហាញដល់សាធារណជន ដើម្បីបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេសពុទ្ធបដិមាសម័យក្រោយអង្គរ។
លោក គុន ផល្លី បានឱ្យដឹងទៀតថា នៅចំកណ្តាលពុទ្ធបាទមានរូបកងចក្រចំនួន១៦កាំ និងនៅជុំវិញកងចក្រមានឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថាអាចជាសិរីមង្គលនៅក្នុងក្រុមធំៗចំនួន៥ ទាក់នឹងសញ្ញាសិរីមង្គលទាំង១០៨នេះ។
គួរជម្រាបថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះបានបើកឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៤៖៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។
ក្រៅតែពីបានទស្សនាព្រះពុទ្ធបាទ ភ្ញៀវក៏អាចទស្សនាវត្ថុសិល្បៈជាច្រើនរាប់រយប្រភេទផ្សេងទៀត ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណជនផងដែរ៕