(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុន ULS ក្រុមហ៊ុន AJE បានធ្វើយុទ្ធនាការដាំដើមឈើចម្រុះចំនួនប្រមាណ២,០០០ដើម និងដាំស្មៅលើផ្ទៃដីសរុបជិត២ហិកតា នាបរិវេណខាងជើងស្រះត្រពាំងសេស។
យុទ្ធនាការនេះធ្វើឡើងនព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងកែលម្អដីទំនេរដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រះគ្រូវិជ័យរង្សីបណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប ព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យឥន្ទ្រវិជ្ជា តំណាងក្រុមហ៊ុនដៃគូ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា ព្រះសង្ឈ សិស្សានុសិស្ស និងវិស័យឯកជនចូលរួមសរុបប្រមាណ៥០០នាក់។
ព្រះគ្រូវិជ័យរង្សី ឡាច លាង មានថេរដីកាថា ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្តទុកដាក់ថែទាំពីសំណាក់អាជ្ញាធរជាតិអប្សរា។
ព្រះអង្គមានថេរដីកាបន្តទៀតថា យុទ្ធនាការដាំដើមឈើ និងស្មៅនៅទីនេះក្រោយពេលប្រជាជនមួយចំនួនបានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រនិងផ្តល់ជូន។ ព្រះអង្គបន្តទៀតថា ការចូលរួមគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឈ សិស្សានុសិស្ស វិស័យឯកជននានា គឺជាការចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរឱ្យកាន់តែល្អប្រសើ។
លោក ហង់ ពៅ បានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូរខ្ពស់។
លោកបន្តថា អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាពស្រស់ស្អាត។ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
លោកបញ្ជាក់ទៀតថា ការដាំដើមឈើ និងស្មៅនៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ។ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ ខណៈក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕