(ភ្នំពេញ)៖ ថ្ងៃនេះ TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីៗ សម្រាប់ក្មេងជំទង់ ក្រុមគ្រួសារ និងសហគមន៍ដ៏ធំទូលាយរបស់ខ្លួន។

បណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះជឿថា បទពិសោធឌីជីថលគួរតែនាំមកនូវសេចក្តីរីករាយ និងដើរតួប្រកបដោយភាពវិជ្ជមាន នៅក្នុងរបៀបដែលអ្នកប្រើប្រាស់បញ្ចេញមតិ ស្វែងរកគំនិត និងទំនាក់ទំនងគ្នា។

TikTok ក៏កំពុងកែលម្អមុខងារកំណត់រយៈពេលប្រើប្រាស់ (screen time tool) របស់ខ្លួនផងដែរ ជាមួយនឹងជម្រើសដែលអាច កែតាមតម្រូវការផ្ទាល់ខ្លួនជាច្រើនទៀត ក៏ដូចជាដាក់ដំណើរការមុខងារកំណត់លំនាំថ្មី (new default) សម្រាប់គណនីក្មេងជំទង់ និងពង្រីកមុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដោយមាតាបិតាមានលទ្ធភាពគ្រប់គ្រងបានកាន់តែខ្លាំង។

* ផ្លាស់ប្តូរដើម្បីជួយក្មេងជំទង់ឱ្យគ្រប់គ្រង រយៈពេលប្រើប្រាស់ TikTok របស់ពួកគេ

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ រាល់គណនីរបស់អ្នកប្រើប្រាស់ ដែលមានអាយុក្រោម ១៨ ឆ្នាំនឹងត្រូវកំណត់រយៈពេលប្រើប្រាស់ ប្រចាំថ្ងៃត្រឹម ៦០ នាទីដោយស្វ័យប្រវត្តិ។ បើទោះជាមិនមានការយល់ព្រម ជាសមូហភាពលើរយៈពេលកំណត់ “ត្រឹមត្រូវ” ឬផលប៉ះពាល់នៃការកំណត់ពេលរយៈពេលប្រើប្រាស់ក៏ដោយ ក៏ TikTok បានពិគ្រោះយោបល់ជាមួយអ្នកជំនាញមកពី Digital Wellness Lab នៅមន្ទីរពេទ្យកុមារបូស្តុន និងការស្រាវជា្រវបច្ចុប្បន្ន ក្នុងការជ្រើសយករយៈពេលកំណត់ប្រើប្រាស់នេះ។ ប្រសិនបើដល់រយៈពេល ៦០ នាទីដែលបានកំណត់នេះ អ្នកប្រើប្រាស់ជាក្មេងជំទង់នឹងត្រូវតម្រូវ ឱ្យបញ្ចូលលេខកូដសម្ងាត់ដើម្បីបន្តប្រើប្រាស់ភ្លែតហ្វមនេះ ដែលតម្រូវឱ្យពួកគេធ្វើការសម្រេចចិត្ត ដើម្បីបន្តរយៈពេលប្រើប្រាស់ភ្លែតហ្វមនេះជាបន្តទៀត។

ការស្រាវជ្រាវក៏បង្ហាញផងដែរថា ការដឹងកាន់តែច្បាស់អំពីរបៀប ដែលអ្នកប្រើប្រាស់ចំណាយពេលវេលារបស់ខ្លួន អាចជួយឱ្យពួកគេយល់ពីការសម្រេចចិត្តណាមួយ របស់ពួកគេ។ ដូច្នេះ TikTok ក៏កំពុងជំរុញឱ្យក្មេងជំទង់កំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃ ក្នុងការប្រើប្រាស់ភ្លែតហ្វម បណ្តាញសង្គមមួយនេះ ប្រសិនបើពួកគេមិនជ្រើសយកជម្រើសលំនាំដើម (Default) ដែលមានរយៈពេល ៦០នាទី ហើយចំណាយពេលលើសពី ១០០ នាទីនៅលើភ្លែតហ្វម TikTok ក្នុងមួយថ្ងៃវិញ។

ការកំណត់រយៈពេលប្រើប្រាស់នេះបង្កើតឡើង ដោយផ្អែកលើការជំរុញមួយដែល TikTok បានដាក់ចេញកាលពីឆ្នាំមុន ដើម្បីលើកទឹកចិត្តក្មេងជំទង់ឱ្យបើកមុខងារ (enable) ការគ្រប់គ្រងរយៈពេលប្រើប្រាស់។ ការធ្វើតេស្តរបស់ TikTok បានរកឃើញថា វិធីសាស្រ្តនេះ បានជួយបង្កើនការប្រើប្រាស់មុខងារ កំណត់រយៈពេលប្រើប្រាស់របស់ខ្លួនប្រមាណ ២៣៤ភាគរយ។ លើសពីនេះ TikTok នឹងផ្ញើសារជូនដំណឹងទៅកាន់ប្រអប់សារ របស់គណនីក្មេងជំទង់ទាំងអស់ប្រចាំសប្តាហ៍ ដែលសារនោះសង្ខេបអំពីរយៈពេលប្រើប្រាស់ ដែលពួកគេចំណាយលើភ្លែតហ្វម បណ្តាញសង្គមមួយនេះ។

មុខងារទាំងនេះបន្ថែមទៅលើការកំណត់សុវត្ថិភាព (safety settings) ដែលមានស្រាប់របស់ TikTok សម្រាប់គណនីក្មេងជំទង់។ ឧទាហរណ៍ អ្នកប្រើប្រាស់ដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំបានកំណត់គណនីរបស់ពួកគេទៅជាឯកជនតាមលំនាំដើម (private by default) ដែលអនុញ្ញាតឱ្យក្មេងជំទង់បង្កើតជម្រើស ប្រកបដោយការយល់ដឹងច្បាស់លាស់អំពីថា តើអ្វីដែលពួកគេអាចចែករំលែក ចែករំលែកនៅពេលណា និងចែករំលែកជាមួយអ្នកណា។ ការផ្ញើសារដោយផ្ទាល់នឹងអាចប្រើប្រាស់ បានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅប៉ុណ្ណោះ ហើយការផ្សាយបន្តផ្ទាល់អាចប្រើប្រាស់ បានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំផងដែរ។

* ជួយគ្រួសារឱ្យមានការសន្ទនាអំពីសុខុមាលភាពឌីជីថល

ឪពុកម្តាយ ឬអាណាព្យាបាលជាញឹកញាប់ គឺជាមនុស្សដំបូងគេដែលក្មេងជំទង់ត្រូវការនៅពេល ដែលពួកគេត្រូវការជំនួយ ដូច្នេះអាណាព្យាបាលក្លាយជាដៃគូសំខាន់បំផុតមួយរបស់ TikTok។ នៅពេលដែល TikTok បន្តបង្កើតគំនិតថ្មីៗអំពីរបៀបដែលខ្លួន ផ្តល់សិទ្ធិអំណាចដល់គ្រួសារ បណ្តាញសង្គមមួយនេះ កំពុងបន្ថែមមុខងារថ្មីចំនួនបី ទៅកាន់មុខងារផ្គូផ្គងគ្រួសារ (Family Pairing)៖

* មុខងារកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួន៖ អាណាព្យាបាលនឹងអាចប្រើមុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដើម្បីប្ដូរការកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់កូនៗរបស់ពួកគេ រួមទាំងការជ្រើសរើសយករយៈពេល កំណត់ផ្សេងៗគ្នាអាស្រ័យលើថ្ងៃនីមួយៗនៃសប្តាហ៍។ មុខងារនេះផ្តល់ឱ្យគ្រួសារនូវជម្រើសបន្ថែមទៀត ដើម្បីបន្ស៊ីពេលវេលាប្រើប្រាស់ភ្លែតហ្វម TikTok ទៅនឹងកាលវិភាគសាលារៀន វិស្សមកាល ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។

* ផ្ទាំងគ្រប់គ្រងរយៈពេលប្រើប្រាស់៖ TikTok កំពុងនាំយកផ្ទាំងគ្រប់គ្រងរយៈពេលប្រើប្រាស់ (screen time dashboard) របស់ខ្លួនទៅកាន់មុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដែលផ្តល់ជូនសេចក្តីសង្ខេបអំពីរយៈពេលប្រើប្រាស់តាមអ៊ែប (App) ចំនួនដងដែលបើកដំណើរការ TikTok និងព័ត៌មានលម្អិតអំពីរយៈពេលសរុបដែលបានចំណាយក្នុងអំឡុងពេលថ្ងៃនិងពេលយប់។
តាមការស្រាវជ្រាវថ្មីៗរបស់ខ្លួន TikTok ដឹងថា ការកំណត់រយៈពេលប្រើប្រាស់ គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទនានា ដែលឪពុកម្តាយពិភាក្សាជាមួយកូនៗ របស់ពួកគេញឹកញាប់បំផុត ហើយបណ្តាញសង្គម TikTok ចង់គាំទ្រអាណាព្យាបាលតាមរយៈការផ្តល់ព័ត៌មាន ដែលពាក់ព័ន្ធដើម្បីជួយពួកគេក្នុងការណែនាំកូនៗ របស់ពួកគេ។

* បិទសារជូនដំណឹង៖ សារជូនដំណឹងជួយអ្នកប្រើប្រាស់ឱ្យរក្សាទំនាក់ទំនង ប៉ុន្តែមានពេលខ្លះសារជូនដំណឹង អាចជាការរំខានមួយផងដែរ។ TikTok កំពុងដាក់ដំណើរការការកំណត់ថ្មី (new setting) មួយដែលអាចឱ្យឪពុកម្តាយកំណត់កាលវិភាគបិទសារ ជូនដំណឹងសម្រាប់កូនៗរបស់ពួកគេ។ គណនីរបស់អ្នកប្រើប្រាស់ ដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំនឹងមិនទទួលបានសារជូនដំណឹងនេះទេ ចាប់ពីម៉ោង ៩ យប់ទៅ ហើយសម្រាប់គណនីរបស់អ្នកប្រើប្រាស់ ដែលមានអាយុពី ១៦ ទៅ ១៧ ឆ្នាំ សារជូនដំណឹងនេះត្រូវបានបិទចាប់ពីម៉ោង ១០ យប់ទៅ។

ក្មេងជំទង់គ្រប់រូបមានភាពខុសគ្នា ហើយគ្រួសារនីមួយៗក៏មានភាពខុសៗគ្នាដែរ។ ដូច្នេះហើយទើប TikTok នៅតែផ្តោតលើការផ្តល់ជូនឪពុកម្តាយ ដែលជាដៃគូរបស់ខ្លួននូវព័ត៌មាន ដែលពួកគេត្រូវការអំពី TikTok។ TikTok ធ្វើបែបនេះតាមរយៈភាពជាដៃគូជាមួយអ្នកបង្កើតមាតិកា អ្នកជំនាញក្នុងឧស្សាហកម្ម និងយុទ្ធនាការផ្សាយពាណិជ្ជកម្ម ដែលផ្តោតលើមុខងារសុវត្ថិភាព។

សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៖ បន្ថែមលើវីដេអូអប់រំដែលមាននៅក្នុងអ៊ែប (in-app educational videos) អំពីមុខងារ ផ្គូផ្គងគ្រួសារ (Family Pairing) ដែលមានអ្នកបង្កើតមាតិកានានាដូចជា @team2moms និង @handsonfamily TikTok បន្តធ្វើការជាមួយឪពុកម្តាយ និងក្រុមគ្រួសារតាមរយៈយុទ្ធនាការទូរទស្សន៍ជាតិ និងក្នុងស្រុក និងយុទ្ធនាការឌីជីថល ដែលចែករំលែកគន្លឹះនានា និងការចាប់ផ្តើមសន្ទនាសម្រាប់ឪពុកម្តាយ ដើម្បីជំរុញពួកគេឱ្យមានការសន្ទនាជាមួយកូនៗវ័យជំទង់របស់ខ្លួន អំពីសុវត្ថិភាពលើអ៊ីនធឺណិត។

បណ្តាញសង្គមមួយនេះ ក៏នឹងបន្តបង្ហាញព័ត៌មានអំពីមុខងារផ្គូផ្គងគ្រួសារ ទៅកាន់អ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួន នៅក្នុងអ៊ែបផងដែរ ដើម្បីជួយពួកគេឱ្យយល់អំពីជម្រើស ដែលអាចមានប្រយោជន៍សម្រាប់ពួកគេ ឬសម្រាប់នរណាម្នាក់ ដែលពួកគេស្គាល់។ TikTok សង្ឃឹមថា មុខងារពិសេសទាំងនេះនឹងបន្តជួយគ្រួសារឱ្យបង្កើត ការសន្ទនាអំពីសុវត្ថិភាព និងសុខុមាលភាពនៅក្នុងពិភពឌីជីថលរបស់ខ្លួន។

ការគ្រប់គ្រងរយៈពេលប្រើប្រាស់ថ្មី សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា TikTok ចង់ឱ្យសហគមន៍របស់ខ្លួន មានអារម្មណ៍ថា ពួកគេមានការគ្រប់គ្រងលើគណនី TikTok របស់ពួកគេ។ បន្ថែមពីលើការនាំយកមុខងារថ្មីទាំងនេះ ទៅកាន់មុខងារផ្គូផ្គងគ្រួសារ អ្នកប្រើប្រាស់នឹងអាចកំណត់ រយៈពេលប្រើប្រាស់ភ្លែតហ្វមផ្ទាល់ខ្លួន របស់ពួកគេសម្រាប់ថ្ងៃនីមួយៗនៃសប្តាហ៍ និងកំណត់កាលវិភាគបិទសារជូនដំណឹង។ លើសពីនេះ TikTok កំពុងដាក់ឱ្យប្រើប្រាស់សារក្រើនរំលឹកឱ្យចូលគេង (sleep reminder) ដើម្បីជួយអ្នកប្រើប្រាស់ឱ្យងាយស្រួល រៀបចំផែនការនៅពេលដែលពួកគេមានបំណងមិនប្រើប្រាស់ភ្លែតហ្វមនៅពេលយប់។ អ្នកប្រើប្រាស់អាចកំណត់រយៈពេលប្រើប្រាស់ ហើយនៅពេលដល់ពេលកំណត់ នឹងមានផ្ទាំងលេចចេញឡើង ដើម្បីរំលឹកពួកគេថា ដល់ពេលត្រូវបិទភ្លែតហ្វមហើយ។

TikTok នឹងបន្តវិនិយោគលើការកែលម្អមុខងារបច្ចុប្បន្នរបស់ខ្លួន ក៏ដូចជាការណែនាំមុខងារថ្មីៗ ដើម្បីជួយអ្នកប្រើប្រាស់ឱ្យអាចគ្រប់គ្រងការប្រើប្រាស់ របស់ពួកគេបាន ខណៈដែលពួកគេបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ ដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងរីករាយជាមួយការកម្សាន្ត៕