(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបន្ដយកចិត្តទុកដាក់ និងខ្វល់ខ្វាយជានិច្ច ចំពោះហេដ្ឋារចនាសម្ព័ន្ធសេសសល់ ពិសេសការសាងសង់ភូមិកីឡា ដោយសម្ដេចបានជំរុញឲ្យបានរួចរាល់តាមផែនការ នៅត្រឹមដំណាច់ខែមីនានេះ ។

ការជំរុញនេះ បន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំប្រតិភូ អមដំណើរដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC ចុះត្រួតពិនិត្យដំណើរការសាងសង់ភូមិកីឡា និងការបំពាក់ឧបករណ៍ ក៏ដូចជាគ្រឿងបរិក្ខាបច្ចេកទេសផ្សេងៗ នៅតាមទីលានមួយចំនួន ក្នុងពហុកីឡដ្ឋានជាតិមរកតេជោ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានថ្លែងក្រោយការអញ្ជើញត្រួតពិនិត្យ និងដឹកនាំកិច្ចប្រជុំថា សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ភូមិកីឡាចំនួន ៣លើកមកហើយ ហើយសម្តេចពិជ័យសេនាតែងតែបានណែនាំវឌ្ឍនភាពការងារជាប្រចាំ ដើម្បីជំរុញឱ្យដំណើរការសាងសង់ភូមិកីឡាបានរួចរាល់ តាមពេលវេលាដែលបានកំណត់។

លោកថា «ជារួមនៅថ្ងៃទី៣១ ខែមីនានេះ សម្តេចពិជ័យសេនា បានកំណត់ថា ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង ដើម្បីត្រៀមការរៀបចំតុបតែងលម្អ បំពាក់សម្ភារៈ ឧបករណ៍ដល់បន្ទប់ស្នាក់នៅ សម្រាប់ក្រុមប្រតិភូ កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិអាស៊ាន ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី០៥-១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ការស្នាក់នៅក្នុងភូមិកីឡា ដែលត្រូវទទួលអត្តពលិកចន្លោះពី ៦ពាន់នាក់ទៅ ៧ពាន់នាក់ ហើយក្នុង១ថ្ងៃៗ អាចទទួលការស្នាក់នៅចន្លោះពី ៤ពាន់នាក់ ទៅ ៦ពាន់នាក់ ដែលត្រូវសម្រាក និងទទួលទានអាហារ នៅទីនេះ»។

ប្រតិបត្តិករកីឡាឆ្នើមកម្ពុជាដដែលបន្ដថា «ឥឡូវនេះ យើងឃើញថា សម្តេចពិជ័យសេនា ទៀ បាញ់ បានយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាខ្វល់ខ្វាយយ៉ាងច្រើនលើដំណើរការសាងសង់ភូមិកីឡានេះ ដោយសម្តេចប្រធាន CAMSOC បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមកម្លាំងគ្នាគាំទ្រឱ្យដំណើរការសាង់សង់នេះ បានរួចរាល់តាមផែនការ។ ដូច្នេះ ការងារនេះយើងនឹងពិនិត្យមើល និងវាយតម្លៃចុងក្រោយ ត្រឹមដំណាច់ខែមីនានេះតែម្តង»

ក្រៅពីនេះ សម្ដេចពិជ័យសេនា ក៏បានចុះត្រួតពិនិត្យមើលទីលានប្រកួតនានា ដោយក្រុមអ្នកផ្គត់ផ្គង់បំពាក់សម្ភារបច្ចេកទេស ប្រព័ន្ធសំឡេង ប្រព័ន្ធភ្លើងនៅទីលានក្នុងសាលប្រកួតនីមួយៗឲ្យបានគ្រប់គ្រាន់ និងស្របតាមស្តង់ដារជាដើម។ ក្នុងនោះមានទីលានវាយសី អាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺបានបំពាក់ប្រព័ន្ធឧបករណ៍បានរួចរាល់ហើយ ។ រីឯការរៀបចំតុបតែ បំពាក់ឧបករណ៍គាំទ្រនៅទីលានផ្សេងៗទៀត នឹងត្រូវរៀបចំជាបន្ដបន្ទាប់ មុន និងក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោលតាមគម្រោងនៃពេលវេលាឲ្យទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ។ លោក វ៉ាត់ ចំរើន បន្ថែម ៕