(បរទេស)៖ ថ្មីៗនេះបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn បានឈ្នះការដេញថ្លៃក្នុងការទទួលផ្គត់ផ្គង់ផ្តាច់មុខផលិតផល AirPods ទៅកាន់ក្រុមហ៊ុន Apple ហើយគ្រោងនឹងសាង់រោងចក្រដែលមានតម្លៃប្រហែល ២០០លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនការផលិតកាសឥតខ្សែនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ក្រុមហ៊ុន Foxconn Interconnect Technology Ltd ដែលជាបុត្រសម្ព័ន្ធរបស់ Foxconn គ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រផ្គត់ផ្គង់ AirPods ទៅកាន់ Apple នៅក្នុងរដ្ឋ Telangana ប្រទេសឥណ្ឌា នៅត្រីមាសទី២ ឆ្នាំនេះ ហើយនឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ២០២៤ ខាងមុខនេះ។

ជាមួយនឹងកិច្ចព្រមព្រៀងនេះ Foxconn មិនត្រឹមតែជាក្រុមហ៊ុនផលិតកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោកដែលទទួលផ្គត់ផ្គង់ iPhone ប៉ុណ្ណោះទេ ចាប់ពីចុងឆ្នាំ២០២៤ តទៅ Foxconn នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គត់ AirPods ដំបូងគេក្នុងប្រទេសឥណ្ឌាដើម្បីកាត់បន្ថយការផ្គត់ផ្គង់ពីក្រុមហ៊ុនប្រទេសចិន។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ Foxconn គឺជាក្រុមហ៊ុនដែលទទួលការផ្គត់ផ្គង់តំឡើង iPhone សម្រាប់ Apple ច្រើនជាងគេ ដែលកាន់កាប់ប្រមាណ ៧០ភាគរយ ហើយជាមួយនឹងកិច្ចព្រមព្រៀង AirPods ថ្មីនេះកំពុងបង្ហាញពីជោគជ័យដ៏ធំបន្ទាប់ដែលបានយកឈ្នះលើក្រុមហ៊ុនផ្គត់ផ្គង់ Apple ដទៃទៀតដូចជា Wistron Corp និង Pegatron Corp ជាដើម៕