(បរទេស)៖ តារា​ចម្រៀង​ប៉ុប​សញ្ជាតិ​កាណាដា Justin Bieber ដែលកន្លងទៅបានបង្ហាញថាមានជំងឺពិការមុខ ឬខ្វិនមុខ​ កាល​ពី​ឆ្នាំ​មុននេះ នាពេលថ្មីៗនះស្រាប់តែបង្ហាញស្នាម​ញញឹម ​ក្នុង​វីដេអូ​ចុង​ក្រោយរបស់ខ្លួន ទំនងជាធូរស្បើយពីជំងឺ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងការបង្ហោះ Instagram Stories កាលពីថ្ងៃពុធកន្លងទៅនេះ តារាចម្រៀងវ័យ២៩ឆ្នាំរូបនេះ បានបង្ហាញថាលោកអាចធ្វើសកម្មភាពផ្នែកមុខរបស់លោក បានឡើងវិញហើយ បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរោគសញ្ញា Ramsay Hunt ឬខ្វិន មុខកាលពីខែមិថុនាឆ្នាំ២០២២។ ក្នុងឃ្លីបខ្លីដែលមានពាក្យថា «ចាំមើល» លោកបានដាក់កាមេរ៉ាចំមុខរបស់លោក ពេលលោកមើលពីម្ខាងទៅម្ខាង ញាក់ចិញ្ចើមរបស់លោកចុះឡើង ហើយចុងក្រោយក៏ស្នាមញញឹមតែម្តង ដែលនេះបង្ហាញថា លោកអាចបញ្ជារមុខ ឬធ្វើសកម្មភាពផ្សេងៗលើមុខឡើងវិញហើយ។

គួរជម្រាបថា កាលពីឆ្នាំមុន តារាចម្រៀងប្រុសល្បីឈ្មោះ Justin Bieber បានប្រកាសផ្អាកពីការងារសិល្បៈទាំងអស់ ជាពិសេសគឺការប្រគំតន្រ្តីទេសចរណ៍ពិភពលោក ដោយសារតែបញ្ហាសុខភាព ដែលតម្រូវឲ្យលោកយកចិត្តទុកដាក់ឡើងវិញ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត៕