(អេមស្ទឺដេម)៖ គ្រូបង្វឹកថ្មី នៃក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ លោក Ronald Koeman បានជ្រើសរើសកីឡាករមិនធ្លាប់លេងក្នុងក្រុមជម្រើសជាតិចំនួន ៥រូបដាក់ចូលក្នុងក្រុមជម្រើសជាតិដំបូងរបស់លោកនៅថ្ងៃសុក្រ ខណៈលោកបានប្រកាសការជ្រើសរើសនេះគឺសម្រាប់ការប្រកួតជម្រុះ ព្រឹត្តិការណ៍ European Championship។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា កីឡាករ ២រូប របស់ក្លិបហូឡង់ Feyenoord គឺ Lutsharel Geertruida និង Mats Wieffer និងអ្នកចាំទីរបស់ក្លិបបែលហ្សិក Anderlecht កីឡាករ Bart Verbruggen នឹងជាផ្នែកមួយនៃក្រុមជម្រើសជាតិ ជាលើកដំបូងរបស់ពួកគេ។

ជាមួយគ្នានោះ ខ្សែការពារក្លិប Newcastle United កីឡាករ Sven Botman និងខ្សែប្រយុទ្ធក្លិប Ajax កីឡាករ Brian Brobbey ក៏ស្ថិតក្នុងក្រុមជម្រើសជាតិ ជាលើកដំបូងរបស់ពួកគេផងដែរ។

សូមជម្រាបថា ហូឡង់ នឹងត្រូវប៉ះក្រុមជម្រើសជាតិបារាំង នៅទីក្រុងប៉ារីស នៅថ្ងៃសុក្រសប្តាហ៍ក្រោយ និងក្រុមហ្គីប្រាលតា នៅទីក្រុង Rotterdam នាថ្ងៃទី២៧ ខែមីនា សម្រាប់ការប្រកួតជម្រុះ ព្រឹត្តិការណ៍ European Championship៕