(តាកែវ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្ស នៃ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋាន ទទួលបន្ទុក៩ឃុំ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​បើកជាផ្លូវការ «ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣»

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមសារជាថ្មីជាមួយ លោក លោកស្រីប្រតិភូកីឡា ក្មួយៗកីឡាករ ក្នុងពិធីបើកជាផ្លូវការ «ការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» នាពេលនេះ បន្ទាប់ពីពិធី «ជួបសំណេះសំណាល និងណែនាំអំពីវិធាន និងរបៀប នៃការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតឆ្នាំ២០២៣» កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ សូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកកិត្តិនីតិកោសល្យបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និង នាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃស្រុកសំរោង លោក លោកស្រីនាយកសាលា និងវិទ្យាល័យ លោក លោកស្រីថ្នាក់ដឹកនាំ ប្រតិភូកីឡា និងក្មួយៗកីឡាករទាំងអស់ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ប្រាជ្ញា និងស្មារតីចូលរួមថែរក្សាសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេស ជាពិសេសស្រុកសំរោង ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ទន្ទឹមនេះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋានស្រុកសំរោងទទួលបន្ទុក ៩ឃុំ និងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងាររៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ អាជ្ញាធរមូលដ្ឋានគ្រប់កំរិត ថ្នាក់ដឹកនាំប្រតិភូកីឡា ក្រុមហ៊ុន និងសប្បុរសជននានា និងក្មួយៗកីឡាករ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានជួយរៀបចំ គាំទ្រ និងឧបត្ថម្ភ ដល់ព្រឹត្តិការណ៍ប្រកួត កីឡាបាល់ទាត់មិត្តភាពដ៏មានសារៈសំខាន់នេះ ឲ្យលេចចេញជារូបរាងឡើង។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ការរៀបចំនូវព្រឹត្តិការណ៍កីឡានាពេលនេះ គឺស្របពេល ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការពង្រឹងវិស័យកីឡាជាតិ ដោយអនុលោមតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។ ការលេងកីឡា មិនត្រឹមផ្តល់ឲ្យយើងនូវ សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងនូវមិត្តភាព និងចំណងសាមគ្គីភាពផងដែរ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្ដថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យកីឡាជាតិ និងដោយមើលឃើញពីសារៈសំខាន់ នៃវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ ក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសំរោង ដែលដឹកនាំដោយរូប បានផ្តួចផ្តើមគំនិត និងទទួលបានការឯកភាពពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការរៀបចំ និងដាក់ឈ្មោះព្រឹត្តិការណ៍ប្រកួតកីឡានេះថា «ការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣»

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ការប្រកួតកីឡានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៤គឺ៖

ទី១៖ ចូលរួមអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា (១៩៧៩ - ២០២៣)

ទី២៖ បញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា (នៅសល់៤៨ថ្ងៃទៀត)

ទី៣៖ ផ្តល់ឱកាសឲ្យយុវជន នៅតាមវិទ្យាល័យទាំងអស់ក្នុងស្រុកសំរោងបានចូលរួមលេងកីឡាដើម្បីទទួលបានសុខភាពល្អ ពង្រឹងនូវចំណងមិត្តភាព និងសាមគ្គីភាព និងជៀសផុតពីការប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ ជាពិសេស ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម

ទី៤៖ បណ្តុះនូវស្មារតីកីឡាជូនដល់មហាជនទូទៅ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានាលើពិភពលោក។

តាមរបាយការណ៍លោក ពៅ ប៉ូលីណែល រដ្ឋលេខាធិការ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកសំរោង ទទួលបន្ទុក៩ឃុំ សមាជិកគណៈអចិន្ដ្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនប្រជាជនកម្ពុជា នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអ្នកសម្របសម្រួល ក្នុងការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ មានកីឡាករចំនួន ១០ ក្រុម មកពីវិទ្យាល័យចំនួន១០ ក្នុងស្រុកសំរោងសរុបចំនួន ២៥០ នាក់ បានចូលរួមក្នុងការប្រកួត និងមានការប្រកួតសរុបទាំងអស់ចំនួន ២៤ ប្រកួត ដែលគ្រោងចំណាយរយៈពេលប្រកួតចំនួន១៤ ថ្ងៃ ដោយបានចាប់ផ្តើមប្រកួតជម្រុះលើកដំបូងចាប់តាំងពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ និងគ្រោងរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

រហូតមកដល់ពេលនេះក្រុមការងារបានរៀបចំការប្រកួតជម្រុះបានចំនួន៨ ប្រកួត រួចហើយ ដែលមានអ្នកចូលរួមទស្សនាគាំទជិត២ពាន់នាក់ (ហួសពីការរំពឹងទុក)។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និងគាំទ្ររបស់យុវជន និងក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងស្រុកសំរោង ចំពោះការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ នៅក្នុងស្រុកសំរោង៕