(បាសេឡូណា)៖ ក្លិបបាល់ទាត់ FC Barcelona បានសំឡឹងរកការគ្រងតំណែងជើងឯកពាន La Liga ជាលើកទី២៧ ក្រោយឈ្នះ Real Madrid ក្នុងលទ្ធផល ២ទល់នឹង១ នៃជំនួប El Clasico នាយប់មិញនេះ។

ក្រុមដែលកំពុងដឹកនាំដោយអតីតវីរបុរស Xavi Hernandez បានខកខានលើកពានលីគកំពូលអេស្ប៉ាញមួយនេះ គិតចាប់តាំងពីឆ្នាំ២០១៨-២០១៩ មក ក្នុងខណៈពួកគេបាននាំមុខកំពូលតារាងដាច់ ១២ពិន្ទុ នៅពេលយកឈ្នះក្រុមការពារតំណែងជើងឯក Real Madrid នៅទឹកដី Camp Nou នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងសប្តាហ៍ទី២៦ សម្រាប់ជើងទី២ នេះ។

ក្នុងជំនួបដ៏ស្វិតស្វាញ ៩០នាទីពេញ ក្រុមអធិរាជស Real Madrid បានបើកការនាំមុខ ១គ្រាប់មុន ពីការតែតបញ្ចូលខ្លួនឯង (own goal) នៃខ្សែការពារ Ronald Araujo ដែលព្យាយាមរារាំងបាល់ cross ចូលប្រអប់គ្រោះថ្នាក់របស់ខ្សែប្រយុទ្ធ Vinicius Jr នៅមុនពេលខ្សែប្រយុទ្ធ Franck Kessie ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យ Barca នៅនាទី៩០+២ ដ្បិតមិត្តរួមក្រុម Sergio Roberto ជាអ្នករកបានគ្រាប់តាមស្មើ ១-១ មុនពេលបញ្ចប់បញ្ចប់វគ្គទី១ នោះ។

៣ពិន្ទុបន្ថែមក្នុងដីនេះដែរ បានធ្វើឲ្យ Barcelona រកបាន ៦៨ពិន្ទុ នាំមុខក្រុមលេខ២ Real Madrid ដាច់ ១២ពិន្ទុ ដែលមានតែ ៥៦ពិន្ទុគិតត្រឹម ២៦សប្តាហ៍មកនេះ ដោយនៅសល់ ១២ប្រកួតក្នុងដៃដូចគ្នា មុនពេលបិទរដូវកាល ២០២២-២០២៣ គ្រាដែលក្រុមអ្នកមានបុណ្យត្រូវប៉ះគូប្រជែង Elche ក្រៅដីនាថ្ងៃទី០១ ខែមេសា មុនពេល Real ជួប Real Valladolid នៅថ្ងៃបន្ទាប់៕