(បរទេស)៖  លោកស្រី Emma Heming ដែលជាភរិយារបស់តារាសម្តែងជួរមុខ និងមានឈ្មោះបោះសំឡេងក្នុងវិស័យហូលីវូដ Bruce Willis បានបង្ហាញពីអារម្មណ៍ក្តុកក្តួលរបស់ខ្លួនលើបណ្តាញសង្គម។ អារម្មណ៍បែបនេះ គឺកើតមានឡើងក្នុងថ្ងៃដែលលោកស្រី Heming ធ្វើពិធីខួបកំណើតឲ្យលោក Bruce Willis ខណៈដែលលោកកំពុងមានជំងឺវង្វេង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

តារាម៉ូដែលវ័យ៤៤ ឆ្នាំ លោកស្រី Emma Heming បានចែករំលែកទៅកាន់អ្នកគាំទ្រកាលពីខែកុម្ភៈ អំពីបញ្ហាសុខភាពរបស់តារាសម្តែង  Bruce Willis ហើយកាលពីសប្តាហ៍កន្លងទៅនេះ លោកស្រីបានចេញឃ្លីបវីដេអូមួយ នៅលើ Instagram បង្ហាញពីទុក្ខសោករបស់ខ្លួន ក្នុងថ្ងៃខួបកំណើតប្តី ត្បិតថាប្តីរបស់លោកស្រី គឺជិតឈានដល់វ័យ៧០ឆ្នាំ។

ក្នុងវីដេអូ លោកស្រីបាននិយាយថា «​ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​កំណើត​របស់​ស្វាមី​ខ្ញុំ។ ខ្ញុំបានចាប់ផ្តើមថ្ងៃថ្មី ដោយទឹកភ្នែក។ ដូចដែលអ្នកអាចមើលឃើញ ភ្នែករបស់ខ្ញុំហើម... ខ្ញុំគ្រាន់តែគិតថាវាសំខាន់ ដែលអ្នកមើលឃើញគ្រប់ជ្រុងទាំងអស់នៃរឿងនេះ»។ ភរិយារបស់លោក  Bruce Willis បានប្រាប់ពីរឿងរ៉ាវក្នុងចិត្តជាច្រើនទៅកាន់អ្នកគាំទ្រ ត្បិតថាលោកស្រីធ្វើខួបកំណើតឲ្យស្វាមីក៏ពិតមែន តែស្វាមីរបស់លោកស្រីហាក់មិនដូចមុនឡើយ ព្រោះលោកកំពុងមានជំងឺវរង្វេង។ តែយ៉ាងណា ដោយទឹកចិត្តស្រឡាញ់ លោកស្រីនៅតែជំនះចិត្តធ្វើ ទោះស្វាមីមិនដឹងអ្វីក៏ដោយ។

គួរជម្រាបថា Willis ទទួលបានភាពល្បីល្បាញនៅអំឡុងឆ្នាំ ១៩៨០ ដោយស្នាដៃរបស់លោក គឺកំប្លែងរឿង «Moonlighting» និងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តប្រហែល១០០ទៀត ទូទាំងអាជីពរយៈពេល ៤ទសវត្សរ៍របស់លោក។ លោកត្រូវបានគេស្គាល់ច្រើនតាមរយៈការដើរតួ ប៉ូលិស ក្រុង ញូវយ៉ក  John McClane ក្នុង រឿង «Die Hard» ដែលចេញពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ២០១៣។ តារារូបនេះក៏ជាម្ចាស់ពានរង្វាន់ «Golden Globe» និងពាន «Emmys» ចំនួនពីរផងដែរ៕