(ក្រុងឡុងដ៍)៖ ក្រុមមេឃខៀវ Manchester City នឹងត្រូវជួបគូប្រជែងមកពី Championship គឺ Sheffield United នៅពេលបិសាចក្រហម Manchester United វិញត្រូវប៉ះ Brighton Hove & Albion សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២ អង់គ្លេស FA Cup 2022-2023។

Man City ដែលដឹកនាំដោយលោក Pep Guardiola បានឈានមកដល់វគ្គនេះ តាមរយៈទម្លាក់ Burnley ក្នុងលទ្ធផល ៦ទល់នឹង០ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន គ្រាដែល Sheffield បានទម្លាក់ Blackburn Rovers ៣-២ នៅរាត្រីថ្ងៃអាទិត្យ ហើយ Brighton វិញបានទម្លាក់ក្រុមមកពី League Two គឺ Grimsby ដោយលទ្ធផល ៥-០ ពីក្នុងវគ្គ ៨ក្រុមចុងក្រោយដូចគ្នា។

ចំណែកឯមួយប្រកួតចុងក្រោយក្នុងវគ្គ ៨ក្រុមនោះដែរ Man Utd ក៏បានធ្វើការវាយបកឈ្នះ Fulham ៣-១ នៅទឹកដី Old Trafford ផងដែរ ដើម្បីឈានទៅប្រកួតវគ្គ ៤ក្រុមចុងក្រោយ FA Cup ដែលនឹងធ្វើឡើងនៅថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៣ នាកីឡដ្ឋាន Wembley តែមួយគត់។

ក្នុងប្រកួតវគ្គ ៨ក្រុមនោះដែរ ខ្សែប្រយុទ្ធ Man City គឺ Erling Haaland ធ្វើបានហែតទ្រីក (៣គ្រាប់) ជាលើកទី២ របស់លោកត្រឹមរយៈពេល ៥ថ្ងៃប៉ុណ្ណោះ ក្នុងការឡើងទៅប៉ះ Sheffield United ដែលពួកគេ (Sheffield) បានឡើងមកដល់វគ្គ ៤ក្រុម FA Cup នេះជាលើកដំបូងតាំងពីឆ្នាំ២០១៤ មក គ្រាដែល Brighton បានឈានមកដល់វគ្គនេះចុងក្រោយក្នុងឆ្នាំ២០១៩ ដ្បិត Man Utd ធ្លាប់ឈ្នះពានកម្រិតទី២ នេះបានចំនួន ១២លើកមកហើយ៕