(កណ្តាល)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងតំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានអញើញបើកការប្រកួត កីឡាបាល់ទះដណ្តើមពានរង្វាន់ «នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី» ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៣ នៅទីបញ្ជាការដ្ឋានអង្គរក្សនាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានថ្លែងថា ក្នុងន័យលើកកម្ពស់វិស័យកីឡា, សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើង និងដាក់យុទ្ធនាការរាប់ថយក្រោយ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣។

លោកប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះ បានបន្តថា «ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ «នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំនេះ មាន១៩ក្រុម កីឡាករចំនួន២២៨នាក់ នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយការប្រកួតបានបែងចែកជា ៤ពូល ចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣»

ឧត្តមសេនីយ៍ផ្កាយ៣ ណុប រ័ត្ននិមល បានថ្លែងបន្តទៀតថា ការរៀបចំកម្មវិធីនេះឡើង គឺជារាល់លើកដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងលើកទី៣២នាឆ្នាំ២០២៣ និងស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទនោះ។

លោកបានបញ្ជាក់ថា​ «យើងសូមអរគុណចំពោះសន្តិភាព! សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។ ដោយសារកត្តាសុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ កម្ពុជាពិតជាសំណាងណាស់ ដែលយើងមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ធ្វើឲ្យមានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ»

លោកបានផ្តាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខភាព និងចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល បាននាំយកថវិកានាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឧបត្ថម្ភដល់កីឡាករទាំង១៩ក្រុម មួយក្រុមៗថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភដល់គណៈកម្មការរៀបចំថវិកា ២លានរៀល អាជ្ញាកណ្ដាល៤នាក់ មួយម្នាក់ៗ១លានរៀល គ្រូបង្វឹក និងកីឡាករចំនួន២២៨មួយ ម្នាក់ៗ៣ម៉ឺនរៀលផងដែរ៕