(ភ្នំពេញ)៖ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជកម្មខ្មែរដំបូងគេមួយ ដែលបានផ្ដល់សេវាទូទាត់ឆ្លងដែនជាមួយនឹងប្រទេសថៃ ហើយបន្ទាប់ពីជោគជ័យ សម្រាប់កិច្ចសហប្រតិបត្តិការនេះ ឥឡូវនេះធនាគារអេស៊ីលីដា ក៏បាននិងកំពុងបន្ដជំរុញមានការទូទាត់ឆ្លងដែន ជាមួយប្រទេសវៀតណាម និងឡាវនាពេលឆាប់ខាងមុខផងដែរ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ធនាគារអេស៊ីលីដា។

លោកស្រី ម៉ា អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា ចាប់តាំងពីដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមរយៈប្រព័ន្ធឃ្យូអរកូត (QR Code) ឆ្លងដែន ជាមួយប្រទេសថៃនាដើម ឆ្នាំ២០២០រួចមក គេសង្កេតឃើញមានការប្រើប្រាស់សេវាទូទាត់នេះ កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ពីសំណាក់អតិថិជនកម្ពុជា ដែលបានទៅលេង ឬស្នាក់នៅក្នុងប្រទេសថៃ ដែលការទូទាត់នេះ គឺអាចធ្វើឡើងជាប្រាក់រៀលផងដែរ។

លោកស្រីបានសង្កត់ធ្ងន់ថា ចំពោះចំនួនធ្វើប្រតិបត្តិការទូទាត់ នៅក្នុងប្រទេសថៃពីសំណាក់អតិថិជនកម្ពុជា គឺទទួលបានលទ្ធផលល្អមែនទែន ជាក់ស្តែងក្នុងឆ្នាំ២០២២កន្លងទៅ ដែលនៅក្នុងបរិបទនៃការរឹតបន្តឹងការទទួលភ្ញៀវ ពីក្រៅប្រទេសដោយសារវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ការធ្វើប្រតិបត្តិការទូទាត់ មានចំនួនរាប់ពាន់ប្រតិបត្តិការ ហើយធនាគារ អេស៊ីលីដាសង្ឃឹមថា ចំនួននេះនឹងកើនឡើងច្រើនដងថែមទៀត នាឆ្នាំ២០២៣នេះ និងឆ្នាំខាងមុខ ដោយសារការបើកទូលាយនៃការធ្វើដំណើរទៅ-មករបស់ប្រជាជន និងអតិថិជននៃប្រទេសទាំងពីរ។

លោកស្រី ម៉ា អមរ៉ា ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា ក្រៅពីប្រទេសថៃ ធនាគារអេស៊ីលីដា គ្រោងនឹងបង្កើតប្រតិបត្តិការសេវាទូទាត់នេះ ជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន រួមមាន៖ សាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ថែមលើការទូទាត់ប្រាក់រៀលឆ្លងដែន តាមរយៈឃ្យូអរកូត (QR Code) ជាមួយព្រះរាជាណាចក្រថៃ ដែលបានដាក់ឲ្យដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២០។ កិច្ចសហប្រតិបត្តិការទាំងនេះ ជួយជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ និងបង្កភាពងាយស្រួលក្នុងការទូទាត់ នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុអាស៊ាន ស្របតាមទិសដៅសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លើសពីនេះ ជំហានបន្ទាប់ ធនាគារ អេស៊ីលីដា គ្រោងនឹងសហការជាមួយបណ្តាប្រទេសដទៃទៀត ដែលជាសមាជិកអាស៊ាន ដើម្បីបន្តពង្រីកការទូទាត់ប្រាក់រៀល នៅតំបន់អាស៊ានឲ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។

សូមជម្រាបថា នៅឆ្នាំដំបូង ២០២០ អតិថិជនកម្ពុជាអាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ QR Code ឆ្លងដែននៅក្នុងប្រទេសថៃបានតែជាមួយ QR Code ធនាគារ Siam Commercial Bank មួយប៉ុណ្ណោះ ប៉ុន្តែ នៅដើមឆ្នាំ២០២៣នេះ អតិថិជនកម្ពុជាអាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ QR Code ឆ្លងដែននៅក្នុងប្រទេសថៃបានជាមួយធនាគារ Siam Commercial Bank, Bangkok Bank, Bank of Ayudhya និង Kasikorn Bank។ ចំណែក ការទូទាត់តាមរយៈប្រព័ន្ធ QR Code ឆ្លងដែននៅក្នុងប្រទេសកម្ពុជាវិញ ទើបតែអាចធ្វើបាននៅដើមឆ្នាំ២០២៣នេះប៉ុណ្ណោះ ជាមួយ QR Code ធនាគារ អេស៊ីលីដា ប៉ុន្តែអាចធ្វើបានតែសម្រាប់អតិថិជនថៃ ឬអតិថិជនរបស់ធនាគារទាំងបី គឺធនាគារ Siam Commercial Bank, Bank of Ayudhya និង Krong Thai Bank៕