(បរទេស)៖ តារាសម្តែងលោក Paul Grant ដែលបានសម្តែងក្នុងរឿង «Star Wars» និងរឿង «Harry Potter» បានទទួលមរណភាពនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងអាយុ៥៦ឆ្នាំ ខណៈមូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានប្រកាសទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

យោងតាមកាសែតអង់គ្លេស The Independent លោក Grant ត្រូវបានរកឃើញដោយប៉ូលីសកាលពីថ្ងៃទី១៦ ខែមីនា បន្ទាប់ពីលោកបានដួលនៅខាងក្រៅស្ថានីយរថភ្លើង King's Cross ក្នុងទីក្រុងឡុងដ៍។ ប្រភពពីសារព័ត៌មាន The Sun បានរាយការណ៍ថា នាវិករថយន្តសង្គ្រោះ និងគ្រូពេទ្យ ត្រូវបានហៅទៅកាន់កន្លែងកើតហេតុ ដែលជាកន្លែងតារារូបនេះ ទទួលការព្យាបាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ពេលទៅដល់មន្ទីរពេទ្យ លោក Grant ត្រូវបានប្រកាសថា ស្លាប់ផ្នែកខួរក្បាលទៅហើយ។

បន្ថែមពីនេះ កាសែត The Independent បានរាយការណ៍ថា គ្រួសាររបស់តារារូបនេះ បានសម្រេចចិត្តបញ្ឈប់ការផ្តល់អុកស៊ីហ្សែន នៅរយៈពេលបីថ្ងៃក្រោយមក។ មូលហេតុនៃការស្លាប់របស់លោក មិនត្រូវបានប្រកាសភ្លាមៗនោះទេ ត្បិតបច្ចុប្បន្នកំពុងស៊ើបអង្កេត។

គួរជម្រាបថា លោក Grant បានដើរតួជា Ewok នៅក្នុងខ្សែភាពយន្ត Star Wars: Episode VI–Return Of The Jedi ឆ្នាំ១៩៨៣ ហើយក្រោយមកបានសម្តែងក្នុងរឿងល្បីជាច្រើនទៀត ក្នុងនោះក៏ធ្លាប់បានសម្តែងជាមួយ Tom Cruise ផងដែរ៕