(បរទេស)៖ កម្មវិធីកម្សាន្ត TikTok កំពុងកើនសន្ទុះអ្នកប្រើប្រាស់សកម្មប្រចាំខែដល់ចំនួន ១៥០លាននាក់នៅសហរដ្ឋអាមេរិក ដែលកើនឡើងពី ១០០លាននាក់កាលពីឆ្នាំ២០២០ កន្លងទៅ បើទោះបីជាកម្មវិធីកម្សាន្តវីដេអូខ្លីៗនេះកំពុងរងនឹងការរឹតបន្តឹងពីប្រទេសលោកខាងលិចជាបន្តបន្ទាប់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

TikTok ដែលជាកម្មវិធីបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន ByteDance បានបញ្ជាក់ពីតួរលេខអ្នកប្រើប្រាស់កើនឡើងក្នុងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ នៅមុនការផ្តល់សក្ខីកម្មរបស់នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew ដែលត្រូវបានកំណត់ថ្ងៃសម្រាប់បង្ហាញខ្លួននៅមុខសភាអាមេរិកនៅពីរថ្ងៃបន្ទាប់ទៀតនេះ។

បច្ចុប្បន្ន TikTok កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន រួមទាំងមានការអំពាវនាវឱ្យហាមឃាត់ការប្រើប្រាស់កម្មវិធីនេះដោយមនុស្សជាច្រើននៅក្នុងសភា ដែលខ្លាចថាទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកអាចធ្លាក់ចូលទៅក្នុងដៃរបស់រដ្ឋាភិបាលចិន។ បើទោះបីជាមានការហាមឃាត់ទៅលើឧបករណ៍សភាជាច្រើនស្ទើរតែទូទាំងប្រទេសសហភាពអឺរ៉ុបក៏ពិតមែន ប៉ុន្តែបើតាមរបាយការណ៍ថ្មីនេះ TikTok ហាក់មិនបានបាត់បង់អ្នកគាំទ្រនៅលោកខាងលិចនោះទេ ផ្ទុយទៅវិញ TikTok ទទួលបានអ្នកប្រើប្រាស់សកម្មប្រចាំខែកាន់តែច្រើនបើធៀបទៅមុនពេលអាមេរិកចេញការហាមឃាត់នៅលើកម្មវិធីនេះ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន សមាជិកព្រឹទ្ធសភាអាមេរិកចំនួនប្រាំមួយរូបផ្សេងទៀត បានចេញមុខគាំទ្រច្បាប់ Bipartisan ដើម្បីផ្តល់ឱ្យប្រធានាធិបតីលោក Joe Biden នូវអំណាចថ្មីក្នុងការហាមឃាត់ TikTok លើហេតុផលសន្តិសុខជាតិ។ ដូច្នេះសល់ពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះ នឹងទទួលបានការសម្រេចថាតើ TikTok គួរតែផ្តាច់ខ្លួនចេញពី ByteDance ឬត្រូវបិទនៅសហភាពអឺរ៉ុប៕