(ប៉ារីស)៖ ខ្សែប្រយុទ្ធក្លិប Paris Saint-Germain គឺកីឡាករ Kylian Mbappe ត្រូវបានដំឡើងតួនាទីធ្វើជាប្រធានក្រុម បាល់ទាត់ជម្រើសជាតិបារាំង ជំនួសកៅអី Hugo Lloris ដែលបានចូលនិវត្តន៍ ក្រោយចប់ World Cup 2022 នៅប្រទេសកាតាថ្មីៗនេះ។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា Mbappe ដែលមានវ័យទើបតែ ២៤ឆ្នាំនោះ ត្រូវបានបន្ថែមតួនាទីជាប្រធានក្រុមបារាំងលើកដំបូង ក្រោយពេលត្រូវបានកោះហៅចូលជម្រើសជាតិឈុតធំតាំងពីឆ្នាំ២០១៧ មក ក្នុងនាមស៊ុតបាន ៣៦គ្រាប់ពីការចូលលេង ៦៦ប្រកួតសម្រាប់មាន់គកបារាំង និងបន្ទាប់ពីមិត្តរួមជាតិ Lloris បានប្រកាសឈប់លេងឲ្យជម្រើសជាតិនាខែមករា ឆ្នាំ២០២៣ ផងដែរ។

លោក Didier Deschamps អ្នកចាត់ការទូទៅក្រុមមាន់គកបារាំងបានថ្លែងប្រាប់ទូរទស្សន៍ TF1 ក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យថា «Kylian បានឆ្លងកាត់នូវតម្រូវការដែលពួកយើងត្រូវការនាពេលនេះ ដែលវាជាធាតុផ្សំសម្រាប់ជីវិតលើទីលាន ក៏ដូចជាជីវិតក្នុងក្រុមទៀតផង»

ដូចគ្នានោះដែរ សហព័ន្ធបាល់ទាត់បារាំង (FFF) ក៏បានប្រកាសថា ខ្សែប្រយុទ្ធក្លិប Atletico Madrid គឺ Antoin Griezmann ក៏ត្រូវបានតែងតាំងជាអនុប្រធានក្រុមដែរ។

ក្រុមរបស់លោក Deschamps ត្រូវប៉ះទឹកក្រូចហូឡង់ ក្នុងកីឡដ្ឋានជាតិ Stade de France នៅថ្ងៃបើកឆាកជម្រុះពាន Euro 2024 នាថ្ងៃសុក្រសប្តាហ៍នេះ មុនពេលជួបក្រុមសាធារណរដ្ឋអៀរឡង់នៅរាត្រីថ្ងៃចន្ទ៕