(សេវីយ៉ា)៖ Sevilla បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ Jorge Sampaoli ហើយ ដ្បិតក្លិបបាល់ទាត់មួយនេះប្រឈមនឹងការកាត់ចេញពី La Liga ដោយឈរនៅក្រៅប្រអប់គ្រោះថ្នាក់តែ ២ពិន្ទុប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា Sevilla បានលេងចាញ់ ៥លើក ក្នុងចំណោម ៧ប្រកួតចុងក្រោយនេះ ដោយធ្វើឲ្យពួកគេធ្លាក់ដល់លេខរៀងទី១៤ បណ្តោះអាសន្នក្នុងតារាង La Liga ជាមួយនឹង ២៨ពិន្ទុ ក្រោយឆ្លងកាត់ ២៦ប្រកួតមកនេះ ក្នុងកាលៈទេសៈដែលពួកគេបានឈានដល់វគ្គ ៨ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Europa League ដោយត្រូវប៉ះ Manchester United នោះ។

អតីតគ្រូបង្វឹកជម្រើសជាតិឈីលី និងអាហ្សង់ទីន វ័យ ៦៣ឆ្នាំខាងលើនេះ ត្រូវបានតែងតាំងឲ្យដឹកនាំ Sevilla ជាលើកទី២ នាខែតុលា ឆ្នាំ២០២២ ដ្បិតកៅអីទំនេររបស់លោកបច្ចុប្បន្នេះនេះ ត្រូវបានជំនួសដោយអតីតគ្រូបង្វឹកក្លិប Eibar គឺលោក Jose Luis Mendilibar រហូតដល់ចប់រដូវកាលនេះ។

១ប្រកួតចុងក្រោយរបស់លោក Sampaoli មុនត្រូវបានបណ្តេញចេញពីតំណែង គឺបានដឹកនាំ Sevilla លេងចាញ់ក្រុមត្រដាបត្រដួសដូចគ្នា Getafe ក្នុងលទ្ធផល ២ទល់នឹង០ នៃប្រកួតដែលនៅសល់ ១២សប្តាហ៍ទៀត ដើម្បីបិទរដូវកាលឆ្នាំ២០២២-២០២៣៕