(បរទេស)៖ លោកស្រី Victoria Alonso ដែលគេស្គាល់ថា ជាប្រធានធំផ្នែកកាត់តរូបភាពរបស់ Marvel Studios ត្រូវបានរាយការណ៍មកថា ចាកចេញពីតំណែងហើយ បន្ទាប់ពីបានរួមការងារជាមួយគ្នា អស់រយៈពេល១៧ឆ្នាំ ជាមួយនឹងស្ទូឌីយោភាពយន្តដ៏ល្បីមួយនេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Daily Mail នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

លោកស្រី Victoria Alonso ត្រូវបានគេដឹងថា ចូលរួមបម្រើការងារនៅ Marvel Studios តាំងពីឆ្នាំ២០០៦មកម្ល៉េះ ហើយលោកស្រីបានសម្រេចចាកចេញពីក្រុមហ៊ុននេះ កាលពីសប្តាហ៍មុន ខណៈមូលហេតុនៃការចាកចេញរបស់លោកស្រី មិនទាន់បានទម្លាយឲ្យដឹងឡើយ។ ទោះជាបែបនេះក្តី ប្រភពមួយចំនួនបានឲ្យដឹងថា Alonso ចាកចេញពីស្ទូឌីយោ បន្ទាប់ពីមានការខកចិត្តចំពោះពាណិជ្ជកម្ម និងមតិរិះគន់ចំពោះខ្សែភាពយន្ត Ant-Man and the Wasp: Quantumania។

គួរជម្រាបថាលោកស្រី Victoria Alonso គឺជាសហផលិតករលើខ្សែភាពយន្ត ដែលជួយឲ្យស្ទូឌីយោរីកចម្រើនដូចជា «Iron Man» ឆ្នាំ២០០៨, ឆ្នាំ២០១០ រឿង «Iron Man» វគ្គ២, ឆ្នាំ២០១១ រឿង «Thor» និងឆ្នាំ២០១១ រឿង «Captain America: The First Avenger»។ លោកស្រីបានបម្រើការងារជាផលិតករប្រតិបត្តិលើរឿង «The Avengers» ឆ្នាំ២០១២ ដែលរកចំណូលបានជាង ១.៥ពាន់លានដុល្លារ៕