(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជ ដ៏ឈានមុខមួយក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ «Best SME Bank» នៅក្នុងប្រទេសកម្ពុជា ពីសំណាក់កម្មវិធី Global SME Banking Innovation Award 2023 របស់ស្ថាប័ន Digital Banker ដែលជាស្ថាប័នព័ត៌មានមួយមានកិត្តិនាមល្បីល្បាញក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទូទាំងពិភពលោក។

កម្មវិធី Global SME Banking Innovation Award 2023 របស់ស្ថាប័ន Digital Banker បានរៀបចំឡើងដើម្បីអបអរសាទរ ទទួលស្គាល់នូវឧត្តមភាព និងសមិទ្ធិផលរបស់ស្ថាប័នហិរញ្ញវត្ថុឆ្នើម ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅតាមប្រទេសនីមួយៗ។ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័ន Digital Banker ទទួលស្គាល់ និងផ្តល់ពានរង្វាន់ «Best SME Bank» ក្រោយពីទទួលបានការគាំទ្រនិងទុកចិត្តពីសំណាក់វិស័យសហគ្រាសធនតូច និងមធ្យមក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងប្រព័ន្ធឌីជីថលអេកូឡូស៉ីដ៏រឹងមាំ ធនាគារ កាណាឌីយ៉ា បានពង្រីកនូវបណ្តាញអតិថិជននិងសហគ្រិនរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព ដោយ កាណាឌីយ៉ា បានពង្រឹងនូវបច្ចេកវិទ្យា និងដំណើរការក្នុងការស្នើសុំឥណទានសម្រាប់សហគ្រាសធនតូច និងមធ្យម និងអភិវឌ្ឍនូវសមត្ថភាពរបស់ក្រុមការងារស្នូល ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងសមាគមសហគ្រិនក្នុងស្រុកជាច្រើនបន្ថែមទៀតផងដែរ។

ពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធនតូច និងមធ្យម គឺជាសក្ខីភាពមួយ ដែលទទួលស្គាល់អំពីវិវឌ្ឍនភាពនៃរិវត្តកម្មឌីជីថលរបស់ធនាគារ កាណាឌីយ៉ា ក្នុងការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានតាមរយៈប្រព័ន្ធឌីជីថល ឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជននិងសហគ្រិន។

បន្ថែមពីការពង្រឹងសមត្ថភាពលើដំណើរការស្នើរសុំកម្ចីឥណទានលើប្រព័ន្ធឌីជីថល ធនាគារ កាណាឌីយ៉ា ក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី Canadia Bank App ជំនាន់ថ្មី ដែលជាកម្មវិធីសេវាធនាគារតាមរយៈទូរសព្ទដៃ ធ្វើឱ្យការផ្ទេរ និងទទួលប្រាក់នៃអតិថិជន និងសហគ្រាសធនតូច និងមធ្យម កាន់តែមានភាពងាយស្រួល។ ក្នុងនោះដែរ ធនាគារ កាណាឌីយ៉ា ក៏បានកំពុងពង្រីកនូវប្រតិបត្តិការរបស់ខ្លួនតាមរយៈការបើកដំណើរការនូវសាខាឆ្លាតវៃ (Smart Branch) ដោយបំពាក់ជាមួយនឹងម៉ាស៉ីនស្វ័យសេវាធនាគារដ៏ឈានមុខ ដូចជាម៉ាស៉ីនបើកគណនីថ្មី ម៉ាស៉ីនដាក់ប្រាក់/មូលប្បទានប័ត្រ ម៉ាស៉ីនដក/ដាក់ប្រាក់ ដើម្បីផ្តល់ឱ្យអតិថិជនសហគ្រាសធនតូចនិង មធ្យម កាន់តែមានភាពងាយស្រួល និងទទួលបានបទពិសោធន៍ថ្មីៗ ជាមួយនឹងការម៉ាស៉ីនស្វ័យសេវាធនាគារ របស់ កាណាឌីយ៉ា។

ជាមួយនឹងបទពិសោធន៍ជាង ៣២ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ កាណាឌីយ៉ា បានទទួលការទុកចិត្តពីអតិថិជនយ៉ាងច្រើន ដោយបានបន្តនូវនាំមុខនូវនវានុវត្ត ផលិតផលនិងសេវាកម្មធនាគារ ដើម្បីស្របនឹងយុគថ្មីនៃទីផ្សារនិងការប្រើប្រាស់ធនាគារ ដូចជាការផ្តោតទៅលើការពង្រឹងសមត្ថភាពប្រព័ន្ធឌីជីថល និងចូលរួមយ៉ាងសកម្មជាមួយនឹងគម្រោងផ្សេងៗដែលផ្តួចផ្តើមដោយរាជរដ្ឋាភិបាល សម្រាប់ទ្រទ្រង់វិស័យសហគ្រាសធនតូច និងមធ្យម។ ធនាគារ កាណាឌីយ៉ា គឺជាធនាគារដំបូងគេមួយដែលបានចូលរួមក្នុងគម្រោងយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) ក្រោមការគ្រប់គ្រងរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់កម្ចីនិងឥណទានដល់ធុរកិច្ច, ក្រុមហ៊ុន ឬសហគ្រាសធនតូច និងមធ្យម ហើយត្រូវបានសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ទទួលស្គាល់ កាណាឌីយ៉ា ជា «គ្រិះស្ថានហិរញ្ញវត្ថុឆ្នើមចំណាត់ថ្នាក់ទីមួយ របស់ CGCC» ដែលជាធនាគារបញ្ចេញកម្ចីដែលមានការធានាច្រើនជាងគេ។

បន្ថែមពីលើនេះផងដែរ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នថ្នាក់អន្តរជាតិល្បីល្បាញជាច្រើនបានធ្វើការវាយតម្លៃយ៉ាងលម្អិត និងទទួលស្គាល់នូវសមិទ្ធិផលរបស់ កាណាឌីយ៉ា ក្នុងវិស័យសហគ្រាសធនតូច និងមធ្យម។ តួយ៉ាង ធនាគារ កាណាឌីយ៉ាបានឈ្នះពានរង្វាន់ «Best SME Bank» ពីស្ថាប័ន International Finance Magazine នៅឆ្នាំ២០១៨ និង២០២២ ខណៈឈ្នះពានរង្វាន់ដូចគ្នានេះពីស្ថាប័ន Asiamoney នៅឆ្នាំ២០២១។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា បានសេចក្តីសោមន្សរីករាយជាខ្លាំង ដែលធនាគារបានចាប់ផ្តើមឆ្នាំ២០២៣ ជាមួយនឹងសមិទ្ធិផលមួយដ៏ល្អ ដោយបញ្ជាក់ «ធនាគារ កាណាឌីយ៉ា មានមោទនភាពដែលបានឈ្នះពានរង្វាន់ ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធនតូច និងមធ្យម នៅប្រទេសកម្ពុជា ពីកម្មវិធី Global SME Banking Innovation Awards 2023។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលស្ថាប័ន Digital Banker បានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ធនាគារ ដើម្បីធ្វើឱ្យអតិថិជនសហគ្រាសធនតូច និងមធ្យម មានលទ្ធភាពទទួលបានហិរញ្ញប្បទាននៅក្នុងប្រទេសកម្ពុជា»

លោកបន្តថា «យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនសហគ្រាសធនតូច និងមធ្យម ក៏ដូចជាដៃគូរបស់យើង ដែលតែងតែផ្តល់ទំនុកចិត្តមកកាន់ធនាគារ កាណាឌីយ៉ា ជាច្រើនឆ្នាំមកនេះ។ យើងខ្ញុំនឹងបន្តអភិវឌ្ឍ និងនវានុវត្តនូវផលិតផល និងសេវាកម្មធនាគារដើម្បីពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទានឱ្យកាន់តែមានភាពទូលំទូលាយ ដើម្បីឱ្យវិស័យសហគ្រាសធនតូច និងមធ្យមនៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពរីកចម្រើននាពេលអនាគតបន្តទៀត»

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា «Dream Company To Work For» ពី World HRD Congress ក៏ដូចជាពានរង្វាន់ «Best Managed Bank» ពី The Asian Banker ព្រមទាំងពានរង្វាន់ «Best Domestic Bank» និង «Best SME Bank» ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ «Best Domestic Bank» ពីស្ថាប័ន Asia Money ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន «Best SME Bank in Cambodia» ពីស្ថាប័ន Digital Banker និងសម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៧ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៉ីន ATM, CRM, VTM និងម៉ាស៉ីនស្វ័យសេវាធនាគារឌីជីថល ចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh ៕