(ភ្នំពេញ)៖ បន្ទាប់ពីបានដាក់អនុវត្តដោយជោគជ័យនៅប្រទេសថៃ កាលពីឆ្នាំ ២០២០ រួចមក ឥឡូវនេះ អេប អេស៊ីលីដាម៉ូបាល ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ នឹងពង្រីកការទូទាត់ឆ្លងដែនទៅដល់ប្រទេសវៀតណាមនាពេលឆាប់ៗនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនកម្ពុជាក្នុងការទូទាត់ប្រាក់ និងជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ធនាគារអេស៊ីលីដាភីអិលស៊ី បានឲ្យដឹងថា បច្ចុប្បន្ននេះអតិថិជនកម្ពុជាអាចចាយប្រាក់រៀលបានគ្រប់ទីកន្លែងនៅប្រទេសថៃ ហើយឆាប់ៗនេះក៏អាចចាយប្រាក់រៀលនៅប្រទេសវៀតណាមបានផងដែរ តាមរយៈ QR លើអេប អេស៊ីលីដាម៉ូបាល។

តាមរយៈ QR លើអេប អេស៊ីលីដាម៉ូបាល នេះ នឹងផ្តល់ជូនអតិថិជនកម្ពុជាដែលបានទៅកម្សាន្ត និងស្នាក់នៅប្រទេសវៀតណាមទូទាត់ប្រាក់កាន់តែមានភាពងាយស្រួល ក៏ដូចជាជួយជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យបានកាន់តែទូលំទូលាយស្របតាមទិសដៅធនាគារជាតិ នៃកម្ពុជា ក៏ដូចជាសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

ជាជំហានបន្ទាប់ ធនាគារអេស៊ីលីដា ក៏មានគម្រោងពង្រីកការទូទាត់ឆ្លងដែនតាម QR នេះ ដល់បណ្ដាប្រទេសអាស៊ានមួយចំនួនបន្ថែមទៀតផងដែរ ដើម្បីពង្រីកការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ខណៈធនាគារបានដាក់អនុវត្តការទូទាត់ឆ្លងដែននេះរួចហើយនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់កម្ពុជា។

អតិថិជនកម្ពុជា គួរជួយគាំទ្រអេប អេស៊ីលីដាម៉ូបាល ជាផលិតផលដែលបង្កើតឡើងដោយស្នាដៃរបស់កូនខ្មែរឲ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់កិត្យានុភាពជាតិទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ ២០២៣ នេះ មានអតិថិជនប្រើប្រាស់អេបអេស៊ីលីម៉ូលបាល របស់ធនាគារ អេស៊ីលីដា បានកើនឡើងប្រមាណជិតបីលាននាក់៕