(បរទេស)៖ កំពូលតារាល្បីក្នុងវិស័យហូលីវូដ Tom Cruise ត្រូវបានគេដឹងថា ការងារសិល្បៈរបស់លោកហាក់ជោគជ័យជាខ្លាំង ត្បិតថារាល់ខ្សែភាពយន្តដែលលោកចូលរួមសម្តែង សុទ្ធសឹងតែកើបប្រាក់ចំណូល បានយ៉ាងសន្ធឹកសន្ធាប់។ តែយ៉ាងណា ងាកមកជីវិតគ្រួសារវិញ Tom Cruise ហាក់មិនសូវសមប្រកបឡើយ ព្រោះលោកត្រូវរស់នៅឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់ Suri Cruise ខណៈបច្ចុប្បន្ននាងចូលរៀនថ្នាក់មហាវិទ្យាល័យហើយនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០២៣។

ប្រភពមួយបានប្រាប់ Page Six ថា តារាប្រុសក្នុងរឿង «Mission: Impossible» អាយុ ៦០ឆ្នាំរូបនេះ មិនបានឃើញកូនស្រីអាយុ ១៦ឆ្នាំរបស់ខ្លួន ជាយូរណាស់មកហើយ ហើយលោកក៏ត្រូវបានគេដឹងថា មិនមែនជាផ្នែកនៃជីវិតរបស់នាងទៀតទេ។ បើគេនៅចាំមិនភ្លេច Cruise និងភរិយា Holmes បានស្វាគមន៍កូនស្រី Suri ក្នុងខែមេសា ឆ្នាំ២០០៦ ប៉ុន្តែអតីតគូស្នេហ៍នេះ បានបែកបាក់គ្នាក្នុងឆ្នាំ២០១១ ហើយឪពុក-កូនស្រីទាំងពីរបានរស់នៅឃ្លាតឆ្ងាយពីគ្នា តាំងពីពេលនោះមក។

តារាក្នុងរឿង «Top Gun៖ Maverick» រូបនេះ បានឃ្លាតឆ្ងាយពី Suri តាំងពីឆ្នាំ២០១៣ ប៉ុន្មានឆ្នាំបន្ទាប់ពីលោក និង Katie Holmes បានលែងលះគ្នា។ ថ្មីៗនេះប្រភពជិតស្និទ្ធនឹង Katie បានប្រាប់ DailyMail ថា Suri ដែលមានអាយុ១៧ឆ្នាំ កំពុងតែមានបំណងបន្តការសិក្សាផ្នែកច្នៃម៉ូដ នៅទីក្រុងញូវយ៉ក។

ថ្មីៗនេះ Cruise បានសារភាពថា ទំនាក់ទំនងរបស់លោកជាមួយនឹងជំនឿ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងមូលហេតុដែលលោកត្រូវបានបំបែកចេញពីកូន។ ដោយហេតុថាទាំង Suri និងម្តាយ មិនមែនជាអ្នកកាន់ជំនឿ ទើបលោក Tom ត្រូវបានគេរាយការណ៍ថា មិនអាចមានទំនាក់ទំនងជាមួយអ្នកទាំងពីរបាន។ ប្រភពមួយបានប្រាប់អ្នកយកព័ត៌មាននៅពេលនោះថា នេះគឺជាការខាតបង់របស់ Cruise ហើយបញ្ហានេះ​គួរណាតែមានការដោះស្រាយ ដើម្បីបានជួបកូនស្រី៕