(ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានគូសបញ្ជាក់ថា «ពិធីដង្ហែព្រះអគ្គីជ័យកីឡា នៅវៀតណាម និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន មិនត្រឹមតែជាការចែករំលែកមោទនភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ តែថែមទាំងចូលរួមពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ានផងដែរ»

ការលើកឡើងនេះ ស្របពេលពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានចាប់ផ្ដើមពិធីដង្ហែលើកដំបូង ក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត ដោយផ្ដើមចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមកិច្ចសហការរៀបចំ រវាងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងអាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

បេសកជនពិសេស CAMSOC ដដែលបន្ដថា «ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាក៏បានចាត់ទុកឆ្នាំ២០២៣ គឺជាឆ្នាំប្រកបដោយអត្ថន័យដ៏សំខាន់ និងជាឆ្នាំដ៏ល្អសម្រាប់ទេសចរមកទស្សនាកម្ពុជា ដោយកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣”...។ ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ បានត្រៀមខ្លួនជាស្រេចរង់ចាំស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីជុំវិញពិភពលោក។ ការទទួលភាពកក់ក្ដៅក្នុងអំឡុងពេលទស្សនាកម្ពុជា គឺជាបទពិសោធន៍ថ្មី ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»

គួរដឹងថា ពិធីដង្ហែព្រះអគ្គីជ័យកីឡា និងភ្លើងគប់ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ កើតឡើយក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ដែលប្រព្រឹត្តទៅ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ ចំពោះការដង្ហែតាមបណ្ដាប្រទេសសមាជិកទាំង ១០ បានធ្វើឡើង ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា មុនត្រឡប់ចូលកម្ពុជាវិញ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង។

ជាមួយពិធីដង្ហែព្រះអគ្គិជ័យកីឡាដ៏មានអត្ថន័យខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិត ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសអ្នករត់នៅតាមបណ្ដាប្រទេសត្រូវព្រះអគ្គីអាទិទេពកីឡាឆ្លងកាត់ សូមចូលរួមអបអរសាទរឲ្យបានច្រើនកុះករ ដើម្បីជាចំណែកមួយ ក្នុងការអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោកបានគូសបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព។ លើសពីនេះ ព្រះអគ្គីជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ”៕