(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast នឹងចាប់ផ្តើមដាក់លក់រថយន្តស្ព័រអគ្គិសនី (SUVs) ម៉ូដែលថ្មី VF9 ដល់អតិថិជនក្នុងស្រុកក្នុងសប្តាហ៍នេះ ហើយគ្រោងនឹងដាក់លក់នៅក្រៅប្រទេសឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ត្រឹមតែរយៈពេលជាង ៤ឆ្នាំ VinFast ទទួលបានជោគជ័យទៅលើការផលិតរថយន្តបានចំនួន ២ម៉ូដែលថ្មីជាប្រភេទរថយន្តស្ព័រអគ្គិសនីរួមមាន VF8 និង VF9 ខណៈដែលក្រុមហ៊ុននេះទើបតែចាប់ផ្តើមបង្កើតឡើងនៅអំឡុងឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងចាប់ផ្តើមប្រតិបត្តិការផលិតរថយន្តក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ។

VinFast បច្ចុប្បន្ននេះមានទីតាំងតែមួយគត់នៅលើទឹកដីកំណើតរបស់ខ្លួន តាមរយៈរបាយការណ៍កន្លងមកក្រុមហ៊ុននេះ គ្រោងនឹងពង្រីកខ្លួនទៅសហរដ្ឋអាមេរិកដែលជាប្រទេសប្រមូលផ្តុំទៅដោយជើងខ្លាំងវិស័យបច្ចេកវិទ្យា និងរថយន្តអគ្គិសនី ឆាប់ៗខាងមុខនេះ។ អាមេរិកជាទីតាំងគោលដៅមួយដែល VinFast សង្ឃឹមថាអាចនឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តល្បីៗរួមទាំងអាច ដាក់បង្ហាញរថយន្តស្ព័រអគ្គិសនីរបស់ខ្លួនទៅទូទាំងពិភពលោកផងដែរ។

គួរជម្រាបដែរថា កាលពីជំនាន់ម៉ូដែល VF8 ឆ្នាំមុន VinFast ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ការបញ្ជាទិញបានកើនឡើងដល់ ៥៥,០០០គ្រឿងនៅទូទាំងពិភពលោក ដោយក្នុងនោះរថយន្តប្រហែល ១២,០០០គ្រឿងត្រូវបានដាក់លក់នៅអាមេរិក។ ដោយឡែកចំពោះម៉ូដែល VF9 នេះត្រូវបានគេរំពឹងថា អាចនឹងទទួលបានការបញ្ជាទិញច្រើនបើធៀបនឹងម៉ូដែលមុន៕