(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍សង្រ្គាន NNP បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីតាំងជិតវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅថ្ងៃចាប់ផ្តើមនាព្រឹកថ្ងៃដដែលនោះ ក៏មានវត្តមានរបស់ឧកញ៉ា ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ «ដាណា ទ្រី» និងជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី តំណាងចែកចាយ និងក្រុមសិល្បករ-សិល្បការិនី យ៉ាងច្រើនកុះករផងដែរ។

ឧកញ៉ា ទ្រី ដាណា បានចូលរួមពិធីកាត់ខ្សែបូរ និងបានដើរទស្សនាការសម្តែងសិល្បៈចម្រុះជាច្រើនទម្រង់ និងចូលរួមលេងល្បែងប្រជាប្រិយ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលមកទស្សនា និងលេងកម្សាន្តក្នុងមហាព្រឹត្តិការណ៍សង្ក្រាន NNP នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ទស្សនីយភាពសម្តែងសិល្បៈបុរាណខ្មែររួមមាន៖ យុទ្ធក្រមខម ក្បាច់គុនល្បុក្កតោ ក្បាច់គុនខ្មែរ ល្ខោនខោល របាំត្រុដិ របាំក្ងោកប៉ៃលិន របាំប្រពៃណីខ្មែរ ការបង្ហាញឈុតសម្លៀកបំពពាក់បុរាណខ្មែរ និងល្បែងប្រជាប្រិយ សម្រាប់ស្វាគមន៍ឆ្នាំថ្មី រួមមាន វាយក្អម ទាញព្រ័ត្រ លោតបាវ ផ្លុំកូនបាល់និងស្ករគ្រាប់ចេញពីម្សៅ មូបទឹកដាក់ដបជាដើម បានរៀបចំធ្វើឡើងយ៉ាងគក្រឹកគក្រេងក្នុងមហាព្រឹត្តិការណ៍សង្រ្គាន NNP នាថ្ងៃបើកឆាកដំបូង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

ក្រៅតែពីកម្មវិធីសិល្បៈចម្រុះដ៏សម្បូរបែបខាងលើនេះ ព្រឹត្តិការណ៍សង្រ្គាន NNP ក៏មានកម្មវិធីសប្បាយៗជាច្រើនទៀត គឺការជួបជុំបងប្អូនលេងបាញ់ទឹក ជាមួយការប្រគុំតន្រ្តីខ្នាតយក្ស ដែលមានចូលរួមពីតារាចម្រៀងល្បីៗ នៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្រាប់សិល្បករ-សិល្បការិនី ខាងផ្នែករបាំក្ងោកប៉ៃលិន បានលើកឡើងព្រមៗគ្នាដោយបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលមហាព្រឹត្តិការណ៍សង្រ្គាន NNP លើកយករបាំក្ងោកមកបង្ហាញជូនដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានស្គាល់ បានដឹង និងជាពិសេសគឺពួកគាត់ជាសិល្បករ-សិល្បការិនី បានចូលរួមផ្សព្វផ្សាយវប្បធម៌របស់ខ្មែរជូនដល់ក្មេងៗជំនាន់ក្រោយ និងប្រជាពលរដ្ឋកម្ពុជា។

ចំណែកកីឡាករ ព្រំ សំណាង វិញក៏មានវត្តមានចូលរួមសម្តែងគុនខ្មែរបង្ហាញជូនដល់ប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍សង្ក្រាន NNP ដែរ ដើម្បីបង្ហាញឲ្យកូនខ្មែរបានដឹងពីក្បាច់គុនខ្មែរ ថែរក្សាគុនខ្មែរឲ្យគង់វង្ស និងយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីគុនខ្មែរ របស់បុព្វបុរសខ្មែរយើងតាំងពីបុរាណកាលមក។

សម្រាប់សិល្បការិនីដ៏ស្រស់ស្អាតមួយរូប គឺកញ្ញា ពេជ្រ ចរណៃ ជាគ្រូបង្វឹកក្បាច់គុនល្បុក្កតោ នៅសាលាគុនជ័យតេជោ និងជាគ្រូបង្វឹកក្បាច់គុនងតទ័ពជើងគោកដែរនោះ បាន​លើកឡើងថា កញ្ញាពិតជាសប្បាយចិត្ត ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍សង្រ្គាន NNP នឹងបានលើកយកក្បាច់គុនល្បុក្កតោ មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា ប្រៀបដូចជាការចូលរួមផ្សព្វផ្សយផង និងចូលរួមអភិរក្សថែរក្សាផង។ កញ្ញា ពេជ្រ ចរណៃ រំពឹងថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍សង្រ្គាន NNP ទៅក៏នឹងមានការគាំទ្រកាន់តែច្រើនទៀតទៅលើក្បាច់គុនល្បុក្កតោ ក៏ដូចជាសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ទៀត ដែលបានដាក់បង្ហាញរយៈពេល៣ថ្ងៃក្នុងព្រឹត្តិការណ៍សង្ក្រាន NNP នាពេលនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ មិនត្រឹមផ្តល់ភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ថែមទៀតផង ដើម្បីឱ្យកូនខ្មែរគ្រប់រូបបានស្គាល់ និងដឹងឮកាន់តែច្បាស់ពីសិល្បៈវប្បធម៌ដ៏សំបូរបែបរបស់ខ្មែរ។

សូមជម្រាបថា សង្ក្រាន NNP នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី២៤ ២៥ និង២៦ ខែមីនា ឆ្នាំ២០២៣ ជាការចូលរួមដោយស៊េរី នៅទីតាំងជិតវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕