(ភ្នំពេញ)៖ បន្ទាប់ពីដល់ឆ្នាំត្រូវផុតកំណត់កិច្ចសន្យា ជាមួយនឹងផលិតកម្ម សាស្ត្រាហ្វីម តារាសម្ដែងបែបយុវវ័យ និងច្រើនតែទទួលបានតំណែងជាតួឯកលោក ម៉ឺនឯក​ សុភារិទ្ធ បានសម្រេចចាកចេញពីផលិតកម្មនេះហើយ ដោយមិនបន្តកិច្ចសន្យាជាថ្មីទៀតនោះទេ ហើយបានធ្វើការប្រកាសថា សុខចិត្តធ្វើជាតារាឯករាជ្យ ដោយមិនចូលរួមក្នុងផលិតកម្មណាមួយឡើយ។

តារាសម្ដែង ម៉ឺនឯក​ សុភារិទ្ធ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា ចំពោះដំណឹងនៃការចាកចេញពីផលិតកម្ម សាស្ត្រាហ្វីម គឺជាការពិត ដោយលោកបានសម្រេចមិនបន្តកិច្ចសន្យាទៀតទេ ព្រោះតែលោកចង់ធ្វើជាតារាសម្ដែងឯករាជ្យ និងស្វាគមន៍គ្រប់ផលិតករទាំងអស់ ដែលចង់ទាក់ទងរូបលោកឲ្យចូលសម្ដែង ក្នុងរឿងណាមួយ។

លោក ​ម៉ឺនឯក​ សុភារិទ្ធ និយាយថា «បាទបង..! ខ្ញុំបាន​បញ្ចប់​កុងត្រា​ ជាមួយ​ផលិតកម្ម​ Sastrafilm ហើយ ព្រោះ​ដល់​ឆ្នាំ​ត្រូវ​ផុតកុងត្រា ហើយខ្ញុំ​សម្រេច​ចិត្ត​មិន​បន្តកុងត្រាទៀត​ ព្រោះ​ចង់​ឯករាជ្យ។ តែ​បើ​ផលិតកម្ម​ Sastrafilm ហៅ​ថត​ ខ្ញុំ​និង​ស្វាគមន៍​ជានិច្ច​។ ដូច្នេះ​សម្រាប់​ផលិតករ​ ឬផលិតកម្ម​ផ្សេងៗ​ ដែល​ចង់​ហៅ​ខ្ញុំ​ថត​ ខ្ញុំបាទ​ស្វាគមន៍​ និងទ​ទួល​ថត​​ធម្មតា​ មិន​ថា​ថត​រឿង​ភាគ​ រឿង​ខ្លី​ ឬ​ស្ពត​ពាណិជ្ជកម្ម​ទេ​ ខ្ញុំ​ទទួល​ទាំង​អស់​!»

តារាសម្ដែងវ័យក្មេង ម៉ឺនឯក​ សុភារិទ្ធ ត្រូវបានមហាជនមើលឃើញថា លោកមានទេពកោសល្យនៃការសម្ដែងល្អ រហូតទទួលបានតំណែងជាតួឯកស្ទើរគ្រប់រឿង។ តាមរយៈផលិតកម្ម សាស្ត្រាហ្វីម និងផលិតកម្មមួយចំនួនទៀត តារាសម្ដែង ម៉ឺនឯក​ សុភារិទ្ធ អាចទទួលបាននូវបទពិសោធសម្ដែង បានយ៉ាងជ្រាលជ្រៅក្នុងការងារសិល្បៈ ហើយតារារូបនេះ ក៏មានអាជីពជាពិធីករមួយទៀតផងដេរ។

សូមបញ្ជាក់ថា ស្នាដៃមួយចំនួនដែលតារាសម្ដែង ម៉ឺនឯក​ សុភារិទ្ធ បានសាងឡើងនៅក្នុងផលិតកម្ម សាស្ត្រាហ្វីម មានដូចជា រឿង «កូន​គ្នាន​ខាន់​ស្លា​, សត្រូវកំពូលស្នេហ៍, សុំឪកាស​សារភាព​ស្នេហ៍, ប៉ា២ជើង​ល្អ​, ប៉ា​បវរកញ្ញា, បងប្អូន, ទឹក​សាប, សង្គ្រាម​បងប្អូន, កាំ​ជណ្ដើរ​ទី៣, Black Love, Game ស្នេហ៍សងសឹក និងភាពយន្តមួយចំនួនទៀត៕