(បរទេស)៖ ក្រុមហ៊ុន LG Energy Solution (LGES) ដែលជាបុត្រសម្ព័ន្ធរបស់ LG កូរ៉េខាងត្បូង គ្រោងវិនិយោគទឹកប្រាក់ ៥.៥៨ពាន់លានដុលា្លរបន្ថែមទៀតដើម្បីចាប់ផ្តើមដំណើរការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅរដ្ឋ Arizona សហរដ្ឋអាមេរិកឡើងវិញ ខណៈគម្រោងនេះត្រូវបានផ្អាកការសាងសង់កាលពីអំឡុងពីរឆ្នាំមុន ដោយសារលក្ខខណ្ឌសេដ្ឋកិច្ចមិនល្អ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

LGES គឺជាក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីធំលំដាប់ទីបីរបស់ពិភពលោក ហើយក៏ជាអ្នកទទួលផ្គត់ផ្គង់អាគុយអគ្គិសនីទៅកាន់ក្រុមហ៊ុន Tesla Inc, Lucid Group Inc និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។ ដោយឡែកជាមួយនឹងបញ្ហាសេដ្ឋកិច្ចមិនអំណោយផលនេះបានធ្វើឱ្យ LGES រាំងស្ទះការងារមួយចំនួនជាមួយក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនដោយសារតែការផលិតមិនទាន់ ដូច្នេះកាលពីអំឡុងខែមករាកន្លងទៅ LGES ធ្លាប់បានពិភាក្សាជាមួយនឹង Tesla អំពីការបើកដំណើរការសាងសង់រោងចក្រ ហើយជាលទ្ធផលរបាយការណ៍ថ្មីនេះបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូងនឹងបន្ថែមទុនវិនិយោគដើម្បីបង្កើនល្បឿនសាងសង់រោងចក្រអាមេរិករបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍ពី LGES បានឱ្យដឹងថា រោងចក្រ Arizona ថ្មីនឹងមានរោងចក្រផលិតចំនួន ២នៅក្នុងនោះ ដែលមួយសម្រាប់ផលិតអាគុយស៊ីឡាំងសម្រាប់រថយន្តអគ្គិសនី និងមួយទៀតសម្រាប់ផលិតអាគុយប្រភេទលីចូម ដែក ផូស្វាត (LFP) សម្រាប់ប្រព័ន្ធផ្ទុកថាមពល (ESS)៕