(ប៊ុយនុសអ៊ែរ)៖ ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបញ្ចូលទីគ្រាប់បាល់លើកទី៨០០ ដែលជាការរកបានគ្រាប់បាល់កម្រិតកំពូលមួយរបស់លោក ក្នុងជំនួបក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះលើក្រុមប៉ាណាម៉ា ២-០ ស្ថិតក្នុងការប្រកួតលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីការដណ្តើមបានពានរង្វាន់ World Cup 2022 ដ្បិតនឹងអាចឈានដល់ ១០០គ្រាប់ជាមួយជម្រើសជាតិ។

កីឡាករវ័យ ៣៥ឆ្នាំ ដែលលេងឲ្យក្លិប Paris St-Germain រូបនេះ បានក្លាយជាកីឡាករទី២ ក្នុងការសម្រេចបាននូវលទ្ធផលកម្រិតកំពូលបែបនេះ បន្ទាប់ពីកីឡាករ Cristiano Ronaldo របស់ជម្រើសជាតិព័រទុយហ្គាល់។

ការសរុបគ្រាប់បាល់របស់ Messi ក្នុងនោះរួមទាំងចំនួនគ្រាប់ស៊ុតបាន ៦៧២គ្រាប់ក្នុងរយៈពេល ១៧រដូវកាលនៃការលេងឲ្យក្លិប Barcelona និងកំពុងរកបាន ២៩គ្រាប់លេងឲ្យក្លិប PSG និងការរកបាន គ្រាប់បាល់ចំនួន ៩៩គ្រាប់ ក្នុងការលេងឲ្យក្រុមជម្រើសជាតិផងដែរ ជាមួយនឹងការរកបាន ២គ្រាប់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022។

Messi នឹងអាចមានឱកាស ក្នុងការរកគ្រាប់បាល់លើកទី១០០ របស់លោក សម្រាប់ក្រុមជម្រើសជាតិ នៅពេលដែលអាហ្សង់ទីន ត្រូវប៉ះក្រុមគូរ៉ាកាវ (Curacao) នៅថ្ងៃពុធសប្តាហ៍ក្រោយក្នុងជំនួបមិត្តភាព៕