(ម៉ូនិច)៖ ក្លិប Bayern Munich​ បានចែកផ្លូវគ្នា ជាមួយគ្រូបង្វឹក Julian Nagelsmann នៅថ្ងៃសុក្រ ហើយបានសម្រេចតែងតាំងអតីតអ្នកចាត់ការក្លិប Chelsea នឹង PSG លោក Thomas Tuchel ឲ្យស្នងតំណែងបន្ទាប់ ដែលមានចុះកិច្ចសន្យាដឹកនាំក្លិប រហូតដល់ឆ្នាំ២០២៥ ខណៈក្លិបម្ចាស់ពានរង្វាន់ជើងឯកអាល្លឺម៉ង់នេះ កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងតារាង Bundesliga, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

Nagelsmann មានវ័យ ៣៥ឆ្នាំ បានឡើងកាន់តំណែងក្នុងឆ្នាំ២០២១ និងបានដឹកនាំក្លិប Bayern ដណ្តើមបានពានរង្វាន់ Bundesliga ជាលើកទី១០ ជាប់ៗគ្នា ប៉ុន្តែបានបរាជ័យ ក្នុងការឈ្នះពានរង្វាន់ដទៃទៀត នារដូវកាលមុន។

Bayern បានធ្លាក់ចេញពីពាន German Cup ក្នុងការប្រកួតជុំទី២ បន្ទាប់ពីត្រូវបានទម្លាក់ដោយក្រុម​ Borussia Moenchengladbach និងក្រោយមកបានធ្លាក់ចេញពី Champions League ក្នុងវគ្គ ៨ក្រុមចុងក្រោយ ក្រោយចាញ់ក្រុម Villarreal កាលពីរដូវកាលមុន។

ការចាកចេញរបស់លោក Nagelsmann បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ Bayern កំពុងត្រៀមប៉ះក្រុមកំពូលតារាង Borussia Dortmund នៅសប្តាហ៍ក្រោយ ក្នុងលីគ Bundesliga និងប៉ះក្រុម Manchester City ក្នុងវគ្គ ៨ក្រុមចុងក្រោយ Champions League នារដូវកាលនេះ នៅថ្ងៃទី១១ ខែមេសាខាងមុខ។

​លោក Tuchel បានក្លាយជាគោលដៅយូរមកហើយ របស់ក្លិប Bayern គិតចាប់តាំងពីការប៉ន់ប៉ងលើកដំបូងរបស់ពួកគេ ក្នុងការចុះកិច្ចសន្យានាំយករូបលោក ក្នុងឆ្នាំ២០១៨នោះ, ហើយបានចុះកិច្ចសន្យាដឹកនាំក្លិប រហូតដល់ឆ្នាំ២០២៥៕