(ភ្នំពេញ)៖ គម្រោងខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម បានបញ្ចប់ការចាក់ប្លង់សេជាន់ចុងក្រោយ ហើយ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយឆ្ពោះ ទៅ ការបញ្ចប់ការសាងសង់ទាំងស្រុង នៃគម្រោងនេះ និងប្រគល់លំនៅដ្ឋានដល់អតិថិជន នៅចុងឆ្នាំនេះ។

ពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ត្រូវបាន​រៀបចំឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គណៈគ្រប់គ្រងក្រុមហ៊ុនរ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត រួមនឹងភ្ញៀវកិត្តិយសជាច្រើរូបទៀត។

លោក គួច ឡេងឃាង អ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រទីផ្សារ និងទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត មានប្រសាសន៍ថា គម្រោង ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងឆ្នាំនេះ និងចាប់ផ្តើមប្រគល់លំនៅដ្ឋាន នៅចុងឆ្នាំ២០២៣ ខណៈ ផ្ទះអាជីវកម្ម នឹងចាប់ផ្តើមប្រគល់ជូនទៅអតិថិជន នៅពាក់កណ្តាលឆ្នាំនេះ។

លោកបានឱ្យដឹងថា «បច្ចុប្បន្នយើងមានការទទួលទិញ និងទទួលកក់យ៉ាងច្រើនពីប្រទេសជិតខាង និងភ្ញៀវមកពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលពួកគាត់អាចទិញយកទៅជួលឱ្យភ្ញៀវផ្សេងៗ ដែលនៅក្រៅប្រទេស។ មកដល់បច្ចុប្បន្ននេះ យើងលក់បានប្រមាណជិត៤០% ព្រោះដោយសារយើងមានវិបត្តិកូវីដតាំងពីឆ្នាំ២០១៩ ហើយយើងបានសាងសង់តាំងពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៣ គឺយើងប្រើរយៈពេល៣ឆ្នាំជាង ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺយើងបន្តសាងសង់រហូតដល់បច្ចុប្បន្ន នៅថ្ងៃទី២៦ ខែមីនា យើងបានចាក់ប្លង់សេជាន់ចុងក្រោយ។ ដោយឡែកហាងអាជីវកម្មលក់ប្រមាណ៧០% ហើយជាពិសេសយើងមាន ផែនហោស៍ ៣ជាន់នៅលើអាកាស យើងលក់បាន ៦០%ហើយ»

លោកបន្ត «សម្រាប់ថ្ងៃនេះផងដែរ យើងមានការបញ្ចុះតម្លៃសម្រាប់អតិថិជន ដែលបានកក់នៅថ្ងៃនេះ។ ជាពិសេសសម្រាប់ផ្ទះអាជីវកម្ម យើងមានការផ្តល់ជូននូវការជួលដោយឥតគិតថ្លៃចំនួន៦ខែ បើសិនជាគាត់ចង់ជួលបើកជាហាងសាឡន ហាងកាត់សក់ និងលក់ទំនិញផ្សេងៗ យើងផ្តល់ឱ្យគាត់៦ខែ Free។ នៅលើខុនដូររបស់យើងមានរហូតដល់ ៨៥១យូនីត អ៊ីចឹងគាត់មានអតិថិជនស្រាប់ហើយ»

ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៩ ក្រោមទុនវិនិយោគប្រមាណ ៨០លានដុល្លារ មានប្រភេទលំនៅឋាន ៨៥១យូនីត និង៥១យូនីត ជាប្រភេទផ្ទះអាជីវកម្ម ដែលបានអភិវឌ្ឍលើផ្ទៃដីទំហំ១០០,០០០ ម៉ែត្រការ៉េ។

ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម ផ្តល់ជូននូវជម្រើសដ៏សម្បូរបែបទាំងអគារលំនៅដ្ឋាន និងពាណិជ្ជកម្មពេញលេញមួយ ដែលមានសេវាសន្តិសុខ២៤ម៉ោង។ នៅក្នុងការអភិវឌ្ឍន៍ទាំងមូលនឹងដាក់បញ្ចូលមណ្ឌលកម្សាន្ត សម្រាប់មនុស្សគ្រប់វ័យ រួមមានអាងហែលទឹកបែបទាក់ទាញ កន្លែងហាត់ប្រាណដែលមានបំពាក់គ្រឿងបរិក្ខារពេញលេញ សួនច្បារខៀវស្រងាត់ សួនកុមារ ទីលានបាល់បោះពាក់កណ្តាល ភោជនីយដ្ឋានផ្តាច់មុខ កន្លែងរង់ចាំ VIP និងកន្លែងចតរថយន្តជាច្រើនជាន់។

នៅជាន់ផ្ទាល់ដីនៃការអភិវឌ្ឍ នឹងរាប់បញ្ចូលផ្លូវដើរក្នុងគម្រោងដ៏ពិសេស៣ជាន់កន្លះ ដែលគេរំពឹងថានឹងទាក់ទាញម៉ាកយីហោអន្តរជាតិថ្មីៗ អាហារ និងភេសជ្ជៈ ជាច្រើនក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយផ្តល់នូវបទពិសោធន៍ទិញទំនិញថ្មីៗ និងផលិតផលល្បីៗ រួមទាំងភោជនីយដ្ឋាន និងម៉ូដទាន់សម័យដែលនឹងផ្តល់នូវបែបផែនជីវិតដ៏ទាក់ទាញសម្រាប់ក្រុមគ្រួសារ និងអ្នកមកទស្សនា រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម នាពេលខាងមុខនេះ។

ការិយាល័យលក់របស់រ៉ូយ៉ាល់ ផ្លាទីនឹម មានទីតាំងនៅផ្ទះលេខ១៥៣ ភូមិទី៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជិតផ្លូវប្រសព្វលេខ៥៦៦ ផ្លូវលេខ៣៣៧ ៕