(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីន បានចាប់ផ្ដើមពិធីដង្ហែហើយ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ នៅទីក្រុង Tagaytay ដោយមានអ្នកចូលរួមប្រមាណជាង ៤០០នាក់ អមជាមួយការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋហ្វីលីពីនជាច្រើនតាមដងផ្លូវ ។

ពិធីដង្ហែលើចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រនេះ មានការចូលរួមពីលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC, លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន និងលោក Abraham Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និងជាអភិបាលក្រុង Tagaytay ព្រមទាំងមានការចូលរួមពីឯកអគ្គរាជទូត និងតំណាងទូតបណ្ដាប្រទេសក្នុងតំបន់ជាច្រើនផងដែរ ។

ជុំវិញកិច្ចសហការរៀបចំពិធីដង្ហែ ជាមួយកម្ពុជានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន បានចាត់តាំងកីឡាករ-កីឡាការិនីឆ្នើមៗរបស់ខ្លួន ១០រូប ដើម្បីទទួល និងរត់ដង្ហែភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសុទ្ធសឹងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម និងកីឡាអាស៊ាន ហើយក៏ធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកទៀតផង ។

គួរដឹងថា ពិធីដង្ហែភ្លើងគប់ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ កើតឡើយក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ដែលប្រារព្ធធ្វើឡើងក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ។ ចំពោះការដង្ហែតាមបណ្ដាប្រទេសសមាជិកទាំង ១០ បានធ្វើឡើង ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា មុនត្រឡប់ចូលកម្ពុជាវិញ ខណៈហ្វីលីពីន គឺជាប្រទេសទី២ បន្ទាប់ពីវៀតណាម ដែលរៀបចំពិធីដង្ហែនេះ ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ។

ជាមួយពិធីដង្ហែព្រះអគ្គិជ័យកីឡាដ៏មានអត្ថន័យខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិត ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសអ្នករត់នៅតាមបណ្ដាប្រទេសត្រូវព្រះអគ្គីអាទិទេពកីឡាឆ្លងកាត់ សូមចូលរួមអបអរសាទរឲ្យបានច្រើនកុះករ ដើម្បីជាចំណែកមួយ ក្នុងការអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

លោកបានគូសបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គីជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ» ៕