(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ខណៈលោក Abraham Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និងជាអភិបាលក្រុង Tagaytay បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំពិធីដ៏មានអត្ថន័យលើទឹកដីខ្លួននេះ ។

ក្នុងនាមអាជ្ញាធរដែនដី ដែលសហការជាមួយប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងស្ថានទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន លោក Abraham Tolentino បានសម្ដែងការចាប់អារម្មណ៍ តាំងពីព្រះរាជពិធីសុំព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទរអង្គរវត្ត ខេត្តសៀមរាប ។ លោកបានចាត់ទុកការរៀបចំនេះ គឺជាការផ្សព្វផ្សាយ និងលើកកម្ពស់គុណតម្លៃស៊ីហ្គេមនៅកម្ពុជាកាន់តែខ្លាំង គ្រាដែលហ្វីលីពីន បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមប្រកួត ដោយនឹងបញ្ជូនអត្តពលិកប្រមាណ ៨៤០នាក់ចូលរួម ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសដឹកនាំពិធីដង្ហែព្រះអគ្គិជ័យកីឡា តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ បានរំឮកថា កម្ពុជាបានផ្តួចផ្តើមរៀបចំព្រះរាជពិធីបួងសួងសុំព្រះអគ្គិអាទិទេពកីឡា នៅមុខប្រាសាទអង្គរវត្ត និងរៀបចំដង្ហែព្រះអគ្គិជ័យកីឡានេះ ទៅតាមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រះអគ្គិជ័យកីឡានេះ គឺជានិមិត្តរូបនៃថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលទាំងអស់នេះ គឺជាតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ ។

លោកបន្ដថា «អស់រយៈពេល ៦៤ ឆ្នាំហើយ ចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី១ ក្នុងឆ្នាំ ១៩៥៩ ដែលកម្ពុជាបានរង់ចាំឱកាសធ្វើជាម្ចាស់ផ្ទះ។ ក្នុងឆ្នាំ២០២៣ នេះ «គឺជាឆ្នាំដ៏វិសេសវិសាលសម្រាប់កម្ពុជា ហើយនៅសល់តែ ៣៩ថ្ងៃទៀតប៉ុណ្ណោះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាផ្លូវការលើកដំបូងរបស់ខ្លួន»។ «ថ្ងៃនេះ យើងបានដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មកដល់ទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន ហើយយើងរួមគ្នាអបអរសាទរប្រារព្ធពិធីដង្ហែព្រះអគ្គិជ័យកីឡា កម្ពុជាឆ្នាំ២០២៣ ទាំងអស់គ្នានៅទីនេះ»

លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន បានបង្ហាញសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានរួមចំណែករៀបចំពិធីដ៏មានអត្ថន័យ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ។ លោកបានប្ដេជ្ញានឹងបន្ដជំរុញ និងផ្សព្វផ្សាយ ដើម្បីកៀគរពលរដ្ឋខ្មែរ ភ្ញៀវជាតិ-អន្ដរជាតិ ពិសេសប្រជាពលរដ្ឋហ្វីលីពីនផ្ទាល់ ដើម្បីបានចូលរួមគាំទ្រ និងទស្សនាការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកដំបូងនៅកម្ពុជា នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ។

គួរដឹងថា ប្រទេសហ្វីលីពីន គឺជាប្រទេសទី២ ដែលបានដំណើររៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ដោយជោគជ័យ បន្ទាប់ពីប្រទេសវៀតណាម ដែលបានរៀបចំកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ។ បន្ទាប់ពីទីក្រុង Tagaytay ឯកឧត្តម ហោ សារុន ក្នុងនាមប្រធានប្រតិភូ នឹងបន្ដការដឹកនាំពិធីដង្ហែព្រះអគ្គិជ័យកីឡា ទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសទី៣ ដោយគ្រោងនឹងចាកចេញពីហ្វីលីពីន នៅថ្ងៃទី២៩ ខែមីនាខាងមុខ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពខ្លះៗ នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Tagaytay កាលពីព្រឹកមិញ ដោយមានអ្នកចូលរួមប្រមាណជាង ៤០០នាក់ ក្នុងនោះក៏មានឯកអគ្គរាជទូត និងតំណាងស្ថានទូតបណ្ដាប្រទេសអាស៊ានចូលរួមផងដែរ៖