(អឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើមប្រចាំជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហាញសាររីករាយ ចំពោះការរកបានជ័យជម្នះ ២ប្រកួតជាប់គ្នាថា «នេះជាគោលដៅសម្រេច ដែលបានចូលរួមចំណែកក្នុងការចាប់ផ្តើមដ៏វិជ្ជមាន សម្រាប់ជម្រើសជាតិ» ខណៈក្នុងទី២ នេះរូបលោកស៊ុតបាន ២គ្រាប់ដែលយឈ្នះក្រុមលុចសាំបួរ ៦-០ ក្នុងវគ្គជម្រុះតំបន់អឺរ៉ុប Euro 2024។

គិតត្រឹម ២ប្រកួតស្ថិតក្នុងពូល J ក្រុមជម្រើសជាតិព័រទុយហ្គាល់ រកបាន ៦ពិន្ទុក្នុងចំណោម ៦ក្រុមដែលមានក្រុម ស្លូវ៉ាគី ឈរលេខ២ រកបាន ៤ពិន្ទុ, បូស្នី រកបាន ៣ពិន្ទុ, អ៉ីស្លង់ រកបាន ៣ពិន្ទុ ដ្បិតក្រុមលុចសាំបួរ រកបាន ១ពិន្ទុ ហើយលិចធិនស្ថាន គ្មានពិន្ទុរាប់ឈរបាតតារាងបណ្តោះអាសន្ន។

បុរសវ័យ ៣៨ឆ្នាំ Ronaldo រកបាន ២គ្រាប់នៅនាទី៩ និងនាទី៣១ ដោយមានការរួមចំណែកស៊ុតបន្ថែមពីកីឡាករ Joao Felix, Bernardo Silva, Otavio និង Rafael Leao ក្នុងជ័យជម្នះដឹកនាំដោយលោក Roberto Martinez ដ្បិតក្រុមព័រទុយហ្គាល់ ធ្លាប់លើកពាននេះកាលឆ្នាំ២០១៦។

រំលឹកផងថា ពេលនេះខ្សែប្រយុទ្ធ Ronaldo កំពុងរកបាន ៣៥គ្រាប់ក្នុងចំណោមការលេវវគ្គជម្រុះពានអឺរ៉ុប UEFA Championship qualifying ចំនួន ៣៧លើកមកនេះ, ដ្បិតការស៊ុតឱ្យក្រុមជម្រើសជាតិកំពុងរកបានចំនួន ១៤០គ្រាប់ជាបណ្តោះអាសន្នផងដែរ ក្នុងនោះប្រកួតបន្ទាប់ត្រូវប៉ះក្រុម បូស្នី សម្រាប់ប្រកួតទី៣ ក្នុងពូលនៅថ្ងៃទី១៨ ខែមីថុនា ឆ្នាំ២០២៣៕