(បរទេស)៖ លោក Gordon Moore ដែលជាសហស្ថាបនិក និងជាអតីតប្រធានក្រុមហ៊ុន Intel Corporation បានទទួលមរណៈភាពនៅថ្ងៃសុក្រសប្តាហ៍មុនក្នុងជន្មាយុ ៩៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ប្រភពពីក្រុមហ៊ុន Intel បានឱ្យដឹងថា លោក Gordon Moore បានទទួលមរណៈភាពនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅផ្ទះរបស់លោកនៅហាវៃ សហរដ្ឋអាមេរិក ដោយរោគាពាធ។

Gordon Moore កើតនៅថ្ងៃទី ៣ ខែមករា ឆ្នាំ១៩២៩ គឺជាពាណិជ្ជករ វិស្វករជនជាតិអាមេរិក ជាសហស្ថាបនិក និង ជាប្រធានកិត្តិយសនៃសាជីវកម្ម Intel ហើយលោកក៏ជាអ្នកនិពន្ធនៃច្បាប់ Moore (Moore’s Law) ផងដែរ។ ក្រោមការដឹកនាំរបស់លោក Gordon Moore ក្រុមហ៊ុន Intel បានឧទ្ទេសនាមនូវបន្ទះឈីបដំបូងបង្អស់របស់ពិភពលោកគឺ Intel 4004 ដែលត្រូវបាន បង្កើតដោយក្រុមវិស្វកររបស់ Intel ។ ក្រុមហ៊ុន Intel Corporations ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ដោយការរួបរួមគ្នារបស់លោក Gordon Moore និង លោក Bob Noyce។

ខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់ Gordon Moore៖
* ជីវិតដំបូង និងការអប់រំ
Gordon Moore ជាកូនប្រុសទីពីរនៅក្នុងគ្រួសារដែលមានឪពុកឈ្មោះ Walter Harold ជាស្នងការរងប្រចាំការនៅ San Mateo County សហរដ្ឋអាមេរិក និងម្តាយឈ្មោះ Florence Almira ជាមេផ្ទះ។ ជីវិតនៅក្នុងសាលារបស់លោកចាប់ផ្តើមនៅអាយុ ៦ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៣៥ Moore គឺជាសិស្សពូកែមួយរូបនឹងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគីមីវិទ្យានៅ University of California, Berkeley ក្នុងអំឡុងឆ្នាំ១៩៥០ និងបានបង្រៀនដោយសាស្ត្រាចារ្យដ៏ល្បីល្បាញមួយរូបនៅអាមេរិកដែលទទួលបានពានរង្វាន់ណូប៊ែល។ បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ Moore បានបន្តចូលសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅវិទ្យាស្ថាន California Institute of Technology (Caltech) និងទទួលបានបណ្ឌិត (PhD) ផ្នែកគីមីវិទ្យានៅឆ្នាំ១៩៥៤។ ក្នុងអំឡុងថ្នាក់ PhD លោក Moore បានចាប់ផ្តើមធ្វើការងារក្រៅម៉ោង និងស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ ១៩៥៦។

* អាជីពវិទ្យាស្រ្ត

Gordon Moore បានចូលធ្វើការនៅមន្ទីពិសោធន៍ Shockley Semiconductor នៃក្រុមហ៊ុន Beckman Instruments ដែលជាការស្រាវជ្រាវទៅលើបន្ទះឈីបជាលើកដំបូងជាមួយនឹងអតីតនិស្សិត Caltech ប៉ុន្តែក្រោយមកលោកក៏បានចាកចេញពីក្រុមហ៊ុននោះទៅចូលរួមជាមួយនឹងសាជីវកម្ម Fairchild Semiconductor ដែលជាកន្លែងទី២ របស់លោកនឹងជាសាជីវកម្មដែលត្រូវបានបង្កើតឡើងដោយបុរស ៨រូប ដែលគេហៅថា «Traitoros Eight»

* Moore's law
នៅឆ្នាំ ១៩៦៥ Moore បានទទួលដំណែងជានាយកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅ Fairchild Semiconductor។ បន្ទាប់ពីមានទស្សនាវដ្តីអេឡិចត្រូនិចមួយបានចោទសួរ Moore អំពីអនាគតរបស់ឧស្សាហកម្មរបស់ Semiconductor ក្នុងរយៈពេលវែង ១០ឆ្នាំខាងមុខ ពេលនោះ Moore ក៏សម្រេចចិត្តសិក្សា និងស្រាវជ្រាវទៅលើសមាភាគរបស់ Semiconductor រួមមាន (ត្រង់ស៊ីស្ទ័រ រេស៊ីស្ទ័រ ឌីយ៉ូត ឬ capacitors ជាដើម។ ជាលទ្ធផលនៅឆ្នាំ១៩៧៥ លោកបានរកឃើញថា ការកែប្រែអត្រាព្យាករណ៍ នៃចំនួនត្រង់ស៊ីស្ទ័រនៅក្នុងសៀគ្វីរួមបញ្ចូលគ្នានឹងកើនឡើងជារៀងរាល់ពីរឆ្នាំម្តង និងបានបង្កើតវាជាកំណត់ត្រានៃ Moore’s Law ដែលគេហៅថា ច្បាប់ Moore ហ្នឹងឯង។ និយាយឱ្យខ្លីច្បាប់របស់ Moore គឺជាការសង្កេត និងការព្យាករណ៍នៃនិន្នាការប្រវត្តិសាស្ត្រ ជាជាងច្បាប់រូបវិទ្យា ដែលអះអាងទៅលើទំនាក់ទំនងជាក់ស្តែងដែលភ្ជាប់ទៅនឹងការទទួលបានពីបទពិសោធន៍ក្នុងផលិតកម្ម។

* Intel Corporation
បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ជាបន្តបន្ទាប់ នៅក្នុងខែកក្កដា ឆ្នាំ១៩៦៨ លោក Robert Noyce និង Moore បានសហការគ្នានិងចាប់ផ្តើមបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា NM Electronics ដែលជាតំណាងឈ្មោះរវាងអ្នកទាំងពី ប៉ុន្តែក្រោយមកក៏បានសម្រេចប្តូរឈ្មោះមកជា Intel Corporation ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោករហូតដល់បច្ចុប្បន្ននេះ។ Moore បានបម្រើការជាអនុប្រធានប្រតិបត្តិរហូតដល់ឆ្នាំ១៩៧៥ នឹងក្លាយជានាយប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Intel ក្នុងអំឡុងខែមេសា ឆ្នាំ១៩៧៩ ខណៈតួនាទីជា CEO របស់លោកមានរយៈ ៨ឆ្នាំ គិតត្រឹមឆ្នាំ១៩៨៧ បន្ទាប់ពីលោកទទួលដំណែងជា chairman និងជាប្រធានកិត្តិយសនៃសាជីវកម្ម Intel។

* ជីវិតឯកជន
Moore បានជួបប្រពន្ធរបស់គាត់ជាលើកដំបូងគឺលោកស្រី Betty Iren Whitaker ក្នុងឆ្នាំ១៩៤៧ ក្នុងអំឡុងសន្និសីទរដ្ឋាភិបាលនិស្សិតនៅឯ Asilomar Conference Grounds។ ក្រោយមកអ្នកទាំងពីរក៏បានរៀបការនៅឆ្នាំ ១៩៥០ និងទទួលបានចំណងដៃកូនប្រុសពីរនាក់ ដែលកូនប្រុសច្បងមានឈ្មោះថា Kenneth Moore បានកើតនៅឆ្នាំ១៩៥៤ និងកូនប្រុសទីពីរឈ្មោះ Steven Moore បានកើតនៅឆ្នាំ១៩៥៩។ ចំណង់ចំណូលចិត្តរបស់ Moore គឺចូលចិត្តស្ទួចត្រីជាមួយនឹងប្រពន្ធកូន និងមិត្តភក្កិរបស់គាត់។

គួរជម្រាបដែរថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ មុននឹង Moore ទទួលមរណៈភាព ទ្រព្យសម្បត្តិសុទ្ធរបស់អ្នកជំនួញជនជាតិអាមេរិករូបនេះ ត្រូវបានគេរាយការណ៍ថា មានចំនួនសរុប ៧ពាន់លានដុល្លារ៕