(អាមេរិក)៖ តារាសម្តែងដែលដើរតួអង្គ Kang ក្នុងភាពយន្ត «Marvel Cinematic Universe» គឺលោក Jonathan Majors ត្រូវបានចោទប្រកាន់ពីបទ រំលោភបំពានរូបរាងកាយ និងត្រូវបានប៉ូលីសក្រុង New York ឃាត់ខ្លួននាពេលថ្មី២នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

នាយកដ្ឋានប៉ូលីសទីក្រុងញូវយ៉ក (NYPD) បាននិយាយថា Majors ដែលជាតារានៃ Creed III និង Ant-«Man and The Wasp: Quantumania» បានជាប់ពាក់ព័ន្ធក្នុងជម្លោះមួយ ជាមួយស្ត្រីអាយុ ៣០ឆ្នាំ។ អ្នកនាំពាក្យរបស់ NYPD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនរងគ្រោះបានប្រាប់ប៉ូលីសថា នាងត្រូវបានគេវាយដំ» ។ លោក​បាន​បន្ត​ថា​ «​មន្ត្រី​បាន​ដាក់​បុរស​អាយុ ៣៣ឆ្នាំ​ ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ ជនរងគ្រោះ​បាន​រងរបួស​ក្បាល និង​ក​បន្តិចបន្តួច ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យនៅក្បែរតំបន់នោះ។ ទោះជាបែបនេះក្តី តារាប្រុសវ័យ៣៣ឆ្នាំរូបនេះ ត្រូវបាដោះលែងវិញ នៅយប់ថ្ងៃសៅរ៍កន្លងទៅនេះ។

ជុំវិញបញ្ហានេះ តំណាង​ឲ្យ Majors បដិសេធ​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​របស់​តារា​សម្ដែង។ «លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ» នេះបើតាមអ្នក​តំណាង​តារារូប​នេះ ​បាន​និយាយ​តាម​អ៊ីមែល​ទៅ​កាន់ AP កាល​ពី​ថ្ងៃ​សៅរ៍។

គួរជម្រាបថា តារាសម្តែងអាមេរិក Majors គឺ​ជា​តារា​ដែល​ឆាប់មានភាពល្បីល្បាញលឿន​បំផុត​នៅ​ហូលីវូដ។ បន្ទាប់ពីបានចូលរួមក្នុងរឿង «The Last Black Man» ឆ្នាំ២០១៩ មក Majors បានសម្តែងក្នុងរឿង «Da 5 Bloods«, រឿង «The Harder They Fall» និងរឿង «Devotion» កាលពីឆ្នាំមុន។ លោកក៏ដើរតួក្នុងកម្មវិធីមហោស្រពភាពយន្ត «Sundance» ថ្មីៗនេះ ទស្សនាវដ្តី Dreams ដែល Searchlight Pictures នឹងចេញផ្សាយនៅខែធ្នូផងដែរ៕