(ភ្នំពេញ)៖ បន្ទាប់ពីការបង្ហោះវីដេអូខ្លីៗពីដំណើរការផលិតបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្ម Galaxy Navatra គេឃើញមហាជនជាច្រើនបានសម្ដែងការសាទរគាំទ្រយ៉ាងផុលផុស និងកោតសរសើរផលិតកម្មយក្សមួយនេះទៀងផង។

ជាការពិតណាស់ ថ្មីៗនេះGalaxy Navtra បានផលិតបទចម្រៀងមួយបទសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍ ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលជាស្នាដៃប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយមាននារីរាំអមជិត ១ពាន់នាក់ អមកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

តាមរយៈ វីដេអូខ្លីបង្ហាញពីសកម្មភាពនៃការថត MV បទថ្មីគឺបទ «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដែលបង្កើតបាននូវភាពរំភើបអស្ចារ្យសម្រាប់មហាជនខ្មែរជាមួយនឹងមោទនភាពយ៉ាងខ្លាំងផងដែរ ហើយមហាជនខ្មែរហាក់អន្ទះសារចង់ទស្សនាវីដេអូចម្រៀង (MV) ជាផ្លូវការឆាប់ៗ។

តាមការបញ្ចេញមតិមួយចំនួន មហាជនខ្លះអះអាងថា៖ «ពេលបានឃើញការសម្តែងនឹង MV ហ្កាឡាក់ស៉ីហើយ មានអារម្មណ៍ថារំភើប សូមសរសើរផលិតកម្មហ្កាឡាក់ស៉ី ពិតជាអស្ចារ្យមែន, និយាយតាមត្រង់ឃើញទិដ្ឋភាពបែបនេះហើយ ព្រឺរោមខ្លាំង ពិតជាអស្ចារ្យមែន និង កម្របានទិដ្ឋភាពបែបនេះខ្លាំងណាស់កំពូលនិមិត្តរូបទាំង៤ ច្រៀងរួមគ្នា គ្រងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់»

អ្នកខ្លះទៀតក៏បានលើកឡើងថា ពិតជាអស្ចារ្យណាស់ សម្រាប់បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ពិតជាដើម្បីបង្ហាញពីភាពរីកចម្រើនរុងរឿងរបស់កម្ពុជា។សិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គីនិងការបង្រួបបង្រួមជាធ្លុងមួយសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍរីកចម្រើន ជាដើម។ មហាជនភាគច្រើនបានពោលសរសើរលើកទឹកចឹត្តដល់ផលិតកម្ម Galaxy ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

សូមបញ្ជាក់ថា បទស្រឡាញ់អ្វីដែលខ្មែរមាន ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង៤រូបនេះរបស់ផលិតកម្មហ្គាឡាក់ស៉ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៉ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

ទោះបីជាយ៉ាងណា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រង់ទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕