(ភ្នំពេញ)៖ ការិយាល័យ មន្ទីរពេទ្យដៃគូ ក្នុង និងក្រៅប្រទេស ប្រចាំនៅកម្ពុជា «ONEHEALTH» បានប្រារព្ធពិធីបើកសម្ពោធដំណើរការសេវាជាផ្លូវការ និងដោយស្របច្បាប់ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលកម្មវិធីបានប្រព្រិតឹ្តទៅនៅសណ្ឋាគារ ROSEWOOD រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

លោកស្រីវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា ជាទីប្រឹក្សា ONE HEALTH បានលើកឡើងថា ក្រោមមាគាដឹកនាំ ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ប្រទេសកម្ពុជា មានការរីកចំរើនគួរជាទីមោទនៈ។

លោកស្រីបន្ដថា បន្ទាប់ពីការស្ងប់ទៅវិញរបស់កូវីដ-១៩ រួមជាមួយការបើកច្រកព្រំដែននានាឡើងវិញ យើងឃើញថា ការអភិវឌ្ឍ តាមវិស័យនីមួយៗ ចាប់ផ្តើមត្រលប់មករកការលូតលាស់ឡើងវិញជាបន្តបន្តាប់ ក្នុងនោះក៏មានវិស័យសុខាភិបាល ដែលកំពុងរីកដុះដាល លើបរិមាណនៃស្ថាប័នសុខាភិបាលសាធារណៈ និងឯកជន ព្រមទាំងការនាំយកនូវវិទ្យាសាស្ត្រទំនើប ដែលជួយសង្គ្រោះជីវិតរបស់ប្រជាជនខ្មែរ។

សេវាសុខាភិបាលមិនខុស អំពីសេវាដទៃនោះទេ ក្នុងនាមជាវេជ្ជបណ្ឌិតម្នាក់ លោកស្រីបន្តថា ការរួមគ្នាដើម្បីអភិវឌ្ឍ និងជំរុញលើកទឹកចិត្ត ឲ្យប្រជាជនខ្មែរស្វែងរកសេវាសុខាភិបាល នៅក្នុងប្រទេស នៅតែបន្តជាគោលការណ៍ចំបង យ៉ាងណាមិញជំរើសរបស់អ្នកជំងឺ សម្រាប់ដោះស្រាយបញ្ហាសុខភាពរបស់បុគ្គលម្នាក់ៗ គឺអាស្រ័យទៅនឹងកំរិតស្មុគស្មាញនៃរោគវិនិច្ឆ័យ ស្ថានភាព បុគ្គល និងបំណងផ្ទាល់ខ្លួនរបស់ពួកគាត់។

ប៉ុន្តែកន្លងមកលោកស្រីវេជ្ជបណ្ឌិត បានសង្កេតឃើញថា មានអ្នកជំងឺដែលមានបំណងចង់ពិនិត្យជំងឺនៅក្រៅប្រទេស តែងតែព្យាយាមរកមន្ទីរពេទ្យដោយខ្លួនឯង ជឿទៅតាមការផ្សាយពាណិជ្ជកម្ម តាមអ្នកបកប្រែភាសា តាមមន្ទីរពេទ្យ ឬតាមការនិយាយតៗគ្នា ជាដើម ដែលនេះអាចបង្កជាផលលំបាកដូចជា៖ ការបញ្ជូនអ្នកជំងឺមិនត្រូវឯកទេស ការផ្ទេរប្រវិត្តអ្នកជំងឺមិនអស់សេចក្តី និង ខ្លះឈានទៅដល់ការបរាជ័យក្នុងការព្យាបាល ព្រមទាំងខាតបង់ពេលវេលា និងថវិកាផងដែរ។

ដូច្នេះដើម្បីឆ្លើយតប ទៅនឹងតំរូវការវេជ្ជសាស្ត្រស្មុកស្មាញ តំរូវការវេជ្ជសាស្រ្តដែលមិនទាន់មាននៅប្រទេសកម្ពុជា និងជាពិសេសបំពេញនូវបំណងរបស់អ្នកជំងឺមួយចំនួន លោកស្រី និងដៃគូសហការបានសម្រេចចាប់ផ្តើមនូវ ONEHEALTH គឺជាការិយាល័យមន្ទីរពេទ្យដៃគូទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតឡើង ក្នុងគោលបំណងជាស្ពានរវាងមន្ទីរពេទ្យនានា ទៅអ្នកជំងឺ ជាសាច់ញាតិ បងប្អូន ដែលឈឺច្អាល លើសុខភាពរបស់អ្នកជំងឺ ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ដោយឈរលើគោលជំហររក្សាការពារផលប្រយោជន៍ ជូនអ្នកជំងឺនៅពេលលោកទទួលការព្យាបាលមិនថា នៅក្នុង ឬក្រៅប្រទេស។

មន្ទីរពេទ្យជាដៃគូរបស់ ONEHEALTH គឺសំរាំងសុទ្ធតែមន្ទីរពេទ្យដែលមានស្តង់ដា JCI និងស្តង់ដាអន្តរជាតិ ដើម្បីជាជំរើសជូនអ្នកជំងឺ ទៅតាមឯកទេសដែលអ្នកជំងឺត្រូវការ។

លោកស្រី ជួន ម៉ូលីកា ជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅនៃ មន្ទីរពេទ្យដៃគូក្នុង និងក្រៅប្រទេសប្រចាំនៅកម្ពុជា ONEHEALTH ដែលមានទពិសោធន៍ជាង១០ឆ្នាំ លើសេវាការផ្តល់ការប្រឹក្សា ការសម្របសម្រួលអ្នកជំងឺ ធ្វើដំណើរទៅព្យាបាលក្រៅស្រុក បានលើកឡើងថា លក្ខណពិសេសរបស់ One health គឺមានវេជ្ជបណ្ឌិត ប្រឹក្សាវេជ្ជសាស្រ្ត សំរាប់អ្នកជំងឺដែលចង់ពីភាក្សាអំពីរោគវិនិ្ឆយ អាការៈ ផែនការព្យាបាលដែលសមស្រប មុននឹងសំរេចចិត្តចេញទៅក្រៅប្រទេស ដើម្បីឲ្យអ្នកជំងឺ និងក្រុមគ្រួសារយល់កាន់តែច្បាស់ នូវបញ្ហាដែលកំពុងមាន មុននិងសំរេចចិត្តធ្វើដំណើរ ទើបអ្នកជំងឺអាចទៅរកការព្យាបាល ដែលចំគោលដៅ និងមិនខ្ជះខ្ជាយថវិកា។

សេវាកម្មរបស់ ONEHEALTH មានគ្រប់ ដែលអាចសំរួលដល់អ្នកជំងឺ ដែលមានវ័យចំណាស់ ឬក៏ពិបាកក្នុងការរកសាច់ញាតិជូនទៅ ឬបុគ្គលដែលមិនដែលទៅសោះ និងជាពិសេសបុគ្គលដែលត្រូវការ ការធ្វើដំណើរដោយផាសុខភាព។

លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារយែនឌ័រ ក្រសួងពាណិជ្ជកម្ម បានលើកសរសើរពីគំនិតច្នៃប្រឌិត ក្នុងការរៀបចំសេវាកម្មនេះឡើង របស់សហគ្រិនស្រ្តី លើកទឹកចិត្តក្នុងការសិក្សាលើចំណេះជំនាញ ក្នុងការជួយសង្គ្រោះ ឬផ្ទេរអ្នកជំងឺឲ្យចំគោលដៅ ការជ្រើសរើសមន្ទីរពេទ្យពិតជាមានសារៈសំខាន់។

ទន្ទឹមនឹងនោះ លោកស្រីក៏បានលើកឡើងថា កម្ពុជាបានសម្រេចសមទ្ធិផលសុខាភិបាលជាច្រើនរួមមាន៖ មន្ទីរពេទ្យ ហ្លូងម៉ែ, មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះកុសុម ដែលនេះបង្ហាញពីវឌ្ឍនភាព របស់វិស័យសុខាភិបាលយើង។

លោកស្រីក៏ជំរុញលើកទឹកចិត្ត ដល់ការរក្សាឯកជនភាព ការប្រឹក្សាជំងឺប្រៀបដូចជាគ្រួសារ របស់វេជ្ជបណ្ឌិត បន្តទៅថ្ងៃអនាគត ដើម្បីបង្កើនគុណតម្លៃ និងសក្តានុពលក្នុងវិស័យសុខាភិបាលផងដែរ៕